លោក Jorge Valdano ក្រើនរំលឹកដល់ខ្សែការពារ Marcelo ថាមិនអាចមើលស្រាលដល់ Salah បាននោះទេ បើមិនចង់ឱ្យក្រុម Real Madrid បរាជ័យក្រោមថ្វីជើង Liverpool ។
Valdano ជាអតីតកីឡាករ និងជាអតីតគ្រូបង្វឹករបស់ក្រុម Real Madrid ។ បុរសសញ្ជាតិអាហ្សង់ទីនរូបនេះ រំពឹងថាខ្សែការពាររបស់ Real ទាំងអស់នឹងផ្ដល់ក្ដីគោរពដល់ Salah ហើយក៏មិនអាចមើលស្រាលទៅលើកីឡាករអេហ្ស៊ីបម្នាក់នេះដែរ។ មិនដូច្នេះទេ Real Madrid នឹងជួបគ្រោះថ្នាក់ជាក់ជាមិនខាន។
“Real Madrid ត្រូវពង្រឹងតំបន់ការពារបន្ថែមទៀត មុនប៉ះ Liverpool ។ ពួកគេជាក្រុមខ្លាំង ហើយការវាយបកក៏មិនអន់ដែរ ប្រសិនបើបង្កការធ្វេសប្រហែសតែបន្តិច នោះគ្រាប់បាល់នឹងកើតមានជាក់ជាមិនខាន។ Marcelo ត្រូវតែយកចិត្តទុកដាក់ជានិច្ចចំពោះ Salah ”។ សម្ដីរបស់លោកJorge Valdano ។
Real Madrid នឹងត្រូវប៉ះក្រុម Liverpool វគ្គផ្ដាច់ព្រ័ត្រ UEFA Champions League នៅថ្ងៃទី២៦ខែឧសភាឆ្នាំ២០១៨ខាងមុខនេះ នៅទីក្រុង គៀវ ប្រទេសអ៊ុយក្រែន៕