បាន​ខ្ចី​ជើង​ទៅ​ក្លឹប​ថ្មី ស្រាប់​កីឡាករ Arsenal រូប​នេះ បង្ហើប​តម្រុយ​លែង​ចង់​វិល​ត្រលប់​វិញ

លោក Mikel Arteta ប្រឈម​ខ្ពស់ អាច​នឹង​បាត់បង់​កីឡាករ​លេង​តំណែង​ការពារ​ នៅ​ការ​លក់​ចេញ​ពេញ​ថ្លៃ នា​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​ខាង​មុខ បន្ទាប់​ពី​ដាក់​ឲ្យ​ខ្ចី​ជើង​ទៅ​កាន់​ក្លឹប​បារាំង Marseille បាន​មួយ​រដូវ​កាល។

នោះ​គឺ William Saliba ដែល​បុរស​វ័យ ២០ ឆ្នាំ តាម​កិច្ច​ព្រមព្រៀង គឺ​ត្រូវ​វិល​ត្រលប់​មក​ក្លឹប​អាណាព្យាបាល​វិញ នៅ​ក្រោយ​បញ្ចប់​រដូវ​កាល​ខាង​មុខ តែ​យ៉ាង​ណា​គេ​បាន​បង្ហើប​តម្រុយ ថា​ហាក់​ចង់​បន្ត​នៅ ពោល​គឺ​ចង់​ឲ្យ Marseille ចរចា​ទិញ​ផ្តាច់​កុងត្រា ចេញ​ពី​ក្លឹប Arsenal តែ​ម្តង។ ស្ថិតិ​បង្ហាញ​ខ្លួន​រដូវ​កាល​នេះ យុវជន​សញ្ជាតិ​បារាំង ទទួល​បាន​ពេលវេលា​ជាប់លាប់​នៅ​ក្លឹប​ខាង​លើ ពោល​មាន ៤០ ប្រកួត ស្មើ​នឹង ៣៥៩៥ នាទី​ឯ​ណោះ។

តាម​ការ​បញ្ជាក់​ប្រាប់ RMC Sport កីឡាករ Saliba និយាយ៖ “ខ្ញុំ​អត់​ធ្លាប់​លាក់​អារម្មណ៍​ទេ គឺ​នៅ​ទី​នេះ ពិត​ជា​រីករាយ ខ្ញុំ​អត់​ដឹង​ថា អនាគត​ទៅ​មុខ​នឹង​បែប​ណា ទាំង​សេសសល់​ត្រឹម​រយៈ​ពេល ២ ខែ​ទៀត អ្វី​ដែល​សំខាន់​យើង​ចង់​ចាប់​យក​កៅអី​សម្រាប់​លេង Champions League ហើយ​នៅ Conference League បន្ត​ទៅ​មុខ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន”។

យុវជន​ខាង​លើ​បន្ត៖ “ខ្ញុំ​នឹង​ពិភាក្សា​អំពី​រឿង​នេះ នៅ​ចុង​ខែ​ឧសភា ឬ​ដើម​ខែ​មិថុនា រវាង​ភាគី Arsenal និង Marseille តែ​យ៉ាង​ណា​ការ​បន្ត​នៅ​ទី​នេះ មិន​ជា​គំនិត​អាក្រក់​ឡើយ ខ្ញុំ​ស្គាល់​ទីក្រុង​នេះ​ច្បាស់ ស្គាល់​ពី​មិត្ត​រួម​ក្រុម អ្នកចាត់ការ គ្រាន់​ថា​គ្រប់​យ៉ាង​វា​មិន​ស៊ីសង​តែ​លើ​ខ្ញុំ​បាន​ទេ”៕

ប្រភព៖ RMC Sport

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT