Johnson ថា​ Liverpool ត្រៀម​លុយ​យក​ម្នាក់​នេះ​ទៅ ដឹង​តែ​ត្រូវ​ដូច Jota/Diaz អ៊ីចឹង

អតីត​ខ្សែ​ការពារ​នៃ​ក្លឹប​ហង្ស​ក្រហម លោក Glen Johnson បាន​បង្ហាញ​ការ​ជឿជាក់​ថា លោក Jurgen Klopp គួរ​ណា​តែ​លៃលក​ការ​ចុះ​ហត្ថលេខា​យក​តារា​ឆ្នើម Raphinha របស់​ក្លឹប Leeds United នៅ​រដូវ​ក្តៅ​ខាង​មុខ ដោយ​ជឿ​ថា នឹង​ក្លាយ​ជា​ការ​នាំ​ចូល​ដ៏​ត្រឹមត្រូវ រួច​ក៏​ស្ថិត​ក្នុង​ពេលវេលា​ដ៏​សមស្រប​មួយ​ដែរ។

Leeds កំពុង​ប្រឈម​ខ្ពស់ អាច​នឹង​ត្រូវ​ធ្លាក់​ចេញ​ពី​ក្របខ័ណ្ឌ Premier League ជា​ថ្មី ខណៈ​ដែល​ស្លាប​ប្រយុទ្ធ Raphinha គេ​សេសសល់​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៤ ក៏​ប៉ុន្តែ​តម្លៃ​ផ្ទេរ​អាច​ជា​ចុះ​មក​ត្រឹម ២៥ លាន​ផោន​អី​តែ​ប៉ុណ្ណឹង​ឯង ព្រោះ​ក្លឹប​អាណាព្យាបាល ប្រឈម​នឹង​មិន​បាន​លេង​ពាន​លីគ​កំពូល​រដូវ​កាល​បន្ទាប់។

តាម​ការ​បញ្ជាក់​ពី Johnson និយាយ៖ “ខ្ញុំ​គិត​ថា​តម្លៃ​ល្បាក់ ២៥ លាន​ផោន សម្រាប់​ហង្ស​គឺ​ជា​ឱកាស​ដ៏​ធំ​មួយ​ហើយ ការ​នាំ​យក Raphinha ខ្ញុំ​មើល​ឃើញ​ជា​មុន ថា​នឹង​ត្រូវ​ដូច​របៀប​ដែល​ក្លឹប​យក​បាន Diogo Jota និង Luis Diaz អ៊ីចឹង​ដែរ ព្រោះ​អី​ការ​លេង​របស់​គេ គឺ​សក្តិសម​នឹង​ប្រព័ន្ធ​របស់ Liverpool ជា​ទី​បំផុត”។ រំឭក​បន្តិច ស្ថិតិ​កីឡាករ​ប្រេស៊ីល​រដូវ​កាល​នេះ បង្ហាញ​ខ្លួន ២៨ ប្រកួត រក​បាន ៩ គ្រាប់​និង Assist ៣ លើក​ឲ្យ​ក្លឹប៕

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT