Hutchison ថា​ទោះ​មួយ​អាទិត្យ​រក​បាន​តែ​ជាង ១០ ដុល្លារ ក៏​ Messi ​ព្រម​វិល​ទៅ Barca វិញ​ដែរ

អតីត​កីឡាករ​របស់ Liverpool លោក Don Hutchison បាន​បង្ហាញ​ការ​ជឿជាក់​ថា Lionel Messi ប្រាកដ​ជា​នឹង​គិតគូរ​ការ​ផ្ទេរ​ត្រលប់​ទៅ​ក្លឹប​ចាស់ Barcelona វិញ បើ​ទោះ​បី​ជា​ទទួល​បាន​ប្រាក់​ពលកម្ម​ទាប ត្រឹម​តែ ១០ ផោន​ឬ​ជាង ១៣ ដុល្លារ/សប្តាហ៍​ក៏​ដោយ។ នេះ​ខុស​រាប់​មុឺន​ដង ធៀប​នឹង​ថ្លៃ​ពលកម្ម​ច្រើន​ជាង​កន្លះ​លាន​ដុល្លារ/សប្តាហ៍ ជាមួយ​ក្លឹប​បច្ចុប្បន្ន PSG តែ​គ្រាន់​ថា​មិន​ទទួល​បាន​ជោគជ័យ។

បុរស​វ័យ ៣៤ ឆ្នាំ ពេល​នៅ Barcelona ទោះ​ក្រុម​ចាញ់​ឈ្នះ ក៏​ឃើញ​ថា ផ្លែផ្កា​លើ​ទីលាន​បង្ហាញ​មក​ល្អ ខុស​ពី​ជាមួយ PSG គេ​ហាក់​មិន​ទាន់​សម្រប​ខ្លួន បង្កើត​ផល​ជា​ដុំកំភួន​ណា​មួយ​ទាល់​តែ​សោះ។ លើស​ពី​នេះ ពេល​ចុង​ក្រោយ​ក៏​ថែម​ទាំង​ទទួល​បាន​ការ​រិះគន់ ពី​សំណាក់​អ្នក​គាំទ្រ​របស់​ក្លឹប​ផ្ទាល់​ថែម​ទៀត​ផង។

ប្រាប់​ទៅ AS លោក Hutchison និយាយ៖ “ខ្ញុំ​ធ្លាប់​ស្តាប់ Aubameyang និយាយ ពេល​គេ​ចុះ​ហត្ថលេខា​ឲ្យ Barcelona ថា​គេ​បាន​លះបង់​ប្រាក់​ពលកម្ម​ដ៏​ច្រើន​នៅ Arsenal ដើម្បី​តែ​មក​លេង​ឲ្យ​ Barcelona ព្រោះ​វា​ជា​ឱកាស​តែ​មួយ​លើក​គត់​ក្នុង​ជីវិត​របស់​គេ”។

លោក​បន្ត៖ “ខ្ញុំ​ជឿ​ថា Messi ក៏​នឹង​គិត​បែប​ហ្នឹង​ដូច​គ្នា ទោះ​បី​គេ​ត្រូវ​ទទួល​បាន​តែ ១០ ផោន/សប្តាហ៍ ឲ្យ​តែ​បាន​មក​ចូលរួម​នៅ Barcelona ជា​ក្លឹប​ដែល​គេ​រីករាយ​នឹង​លេង ជា​កន្លែង​ដែល​អ្នក​គាំទ្រ​គោរព​ស្រលាញ់​គេ ខ្ញុំ​ជឿ​ថា​គេ​នឹង​គិតគូរ​វិល​មក​ទី​នេះ​វិញ”៕

ប្រភព៖ AS

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT