Spurs ចាំ​ត្រង​យក​ហើយ​ស្រេច ក្រោយ​លឺ​កីឡាករ Juventus រូប​នេះ ចង់​ដើរ​ចេញ

ក្លឹប​មាន់​ខ្នាយ​មាស Tottenham Hotspur មិន​បង្អង់​យូរ​នោះ​ទេ ដោយ​ប្រញាប់​បញ្ជូន​ក្រុម​ការងារ ឲ្យ​ទៅ​ចរចា​ជាមួយ​ភាគី​របស់​កីឡាករ Paulo Dybala រួច​ស្រេច ​ក្រោយ​ទទួល​ដំណឹង កីឡាករ​អាហ្សង់ទីន​ត្រៀម​នឹង​ចាកចេញ នៅ​រដូវ​ក្តៅ​ខាង​មុខ។ តាម​ការ​បញ្ជាក់​ពី​នាយក​ប្រតិបត្តិ​ក្លឹប​ Juventus បង្ហើប​ច្បាស់​ហើយ ថា Dybala មិន​ស្ថិត​ក្នុង​ផែនការណ៍​ធំ​របស់​ក្លឹប​ត​ទៅ​ទៀត​ទេ ជា​ពិសេស​ក្រោយ​ការ​មក​ដល់​របស់ Dusan Vlahovic។

ស្ថានភាព​របស់​ខ្សែ​ប្រយុទ្ធ​កាន់​ឆ្នាំ នៅ​ក្លឹប​សេះ​បង្កង់​ខាង​លើ ក៏​មាន​ក្លឹប​ជា​ច្រើន​តាម​ក្រវែល​មើល ក្រៅ​ពី Spurs នេះ​សោត ក៏​ធ្លាប់​មាន Barcelona, Liverpool និង Man Utd ផ្សេង​ទៀត​ផង​ដែរ។ បើ​តាម​សារព័ត៌មាន Fabrizio Romano ចុះ​ផ្សាយ​ថា ពេល​នេះ ក្លឹប​មាន់​ខ្នាយ​មាស កំពុង​ពន្លឿន​ល្បឿន​នៃ​ការ​ចរចា​ហើយ ពោល​ចង់​បាន​គេ ត្រៀម​ទុក​មក​ជំនួស Harry Kane ផង ប្រសិន​ណា​កីឡាករ​អង់គ្លេស​ត្រូវ​ចាកចេញ​ពិត​មែន។

តាម​ដឹង Dybala ក៏​នឹង​ទារ​ថ្លៃ​ពលកម្ម​ក្រាស់ក្រែល​មួយ​ដែរ ពី​ភាគី​ក្លឹប​បន្ទាប់ ដែល​គេ​នឹង​ព្រម​ទម្លាក់​ចុង​ប៊ិច ត្រង់​ហ្នឹង​ហើយ​ជា​បញ្ហា​ដែល Juventus មិន​អាច​ប៉ះប៉ូវ​ឲ្យ​បាន។ ជាមួយ​ការ​ចាយ​ពេល ៧ ឆ្នាំ​ឲ្យ​ក្លឹប​នៅ​អ៊ីតាលី គេ​រក​បាន ១១៣ គ្រាប់​និង Assist ៤៨ លើក នៅ​ការ​បង្ហាញ​ខ្លួន ២៨៣ ប្រកួត​សរុប៕

ប្រភព៖ Twitter

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT