Zidane ចង់​បាន​កីឡាករ Barca រូប​នេះ ឲ្យ​មក​ដឹក​បាល់​ជួយ​ Messi ឲ្យ​ជោគជ័យ​នៅ PSG

មាន​ចចាមអារ៉ាម​ថា លោក Mauricio Pochettino កំណត់​ត្រូវ​អស់​តំណែង​ត្រឹម​បញ្ចប់​រដូវ​កាល​ខាង​មុខ ហើយ​ថ្នាក់​លើ​ក្លឹប PSG នឹង​បង្វែរ​ទៅ​នាំ​យក គ្រូ​ទំនេរ​ជើង Zinedine Zidane ឲ្យ​មក​ចូល​ដឹកនាំ​ជំនួស។ យ៉ាង​ណា​ការ​មក​ដល់​សារ​នេះ អ្នកចាត់ការ​សញ្ជាតិ​បារាំង ក៏​ទាមទារ​ឲ្យ​ថ្នាក់​លើ​ក្លឹប ត្រូវ​ព្រម​តាម​លក្ខខណ្ឌ​មួយ​ចំនួន។

ខ​មួយ​ក្នុង​ចំណោម​លក្ខខណ្ឌ​ទាំង​នោះ គឺ​អតីត​គ្រូ Real Madrid បាន​មើល​ឃើញ​ពី​ចន្លោះ​ប្រហោង នៃ​ប្រព័ន្ធ​ជើង​ក្រោម​របស់ PSG ហើយ​ទាមទារ​ដាច់​ខាត ឲ្យ​ក្លឹប​ត្រូវ​តែ​ទៅ​ចរចា​សម្រេច​យក Jordi Alba ចេញ​ពី​ទឹកដី Camp Nou ដើម្បី​មក​ជួយ​ដឹក​បាល់ ដល់​ជើង​ប្រយុទ្ធ Lionel Messi នៅ​តំបន់​ខាង​លើ។

Zidane ​ជឿជាក់​ថា មាន​តែ​ខ្សែ​ការពារ​ស្លាប​សញ្ជាតិ​អេស្ប៉ាញ Alba តែ​ប៉ុណ្ណោះ ទើប​អាច​ដោះស្រាយ​បញ្ហា​ដែល Messi កំពុង​ជួប​ប្រទះ។ ការ​សហការ​រវាង Alba-Messi នឹង​នាំ​ឲ្យ PSG អាច​បង្កើត​ផ្លែផ្កា​ជោគជ័យ​ជាង​ពេល​បច្ចុប្បន្ន ហើយ​សំខាន់​កីឡាករ​អាហ្សង់ទីន ក៏​នឹង​អាច​ដក​ខ្លួន ចេញ​ពី​ស្រមោល​ដ៏​អាក្រក់​ផង​ដែរ។ នេះ​បើ​តាម​សារព័ត៌មាន El Nacional បាន​ចុះ​ផ្សាយ។

យ៉ាង​ណា ការ​ចរចា​យក Alba ក៏​មិន​ប្រាកដ​ថា ងាយ​ដូច​ការ​ចង់​បាន Zidane ដ្បិត​អី​ពេល​ចុង​ក្រោយ កីឡាករ​វ័យ ៣២ ឆ្នាំ កំពុង​ក្លាយ​ជា​ចំណែក​ខ្វះ​ពុំ​បាន របស់​អ្នកចាត់ការ​លោក Xavi Hernandez។ នៅ​តំណែង​ការពារ​ឆ្វេង Alba សឹង​តែ​ម៉ៅ​ដាច់​រដូវ​កាល​នេះ សរុប​ការ​បង្ហាញ​ខ្លួន ៣២ ប្រកួត រក​បាន ២ គ្រាប់​និង Assist ៩ លើក។ សុពលភាព​កុងត្រា​របស់​កីឡាករ​អេស្ប៉ាញ សេសសល់​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៤ ជាមួយ​នឹង​ហាងឆេង​ថ្លៃ​ខ្លួន ល្បាក់ ១៥ ទៅ ២០ លាន​អឺរ៉ូ។

បន្ត​ទៅ​រឿង​មួយ​ផ្សេង​ទៀត ក្រវែល​ជុំវិញ​ចចាមអារ៉ាម​ពាក់ព័ន្ធ​នឹង​ក្លឹប PSG នេះ​ដែរ ក្រៅ​ពី​ការ​ចង់​ចាកចេញ​របស់ Kylian Mbappe ទៀត​សោត ក្លឹប​កាន់កាប់​ដោយ​សម្ព័ន្ធ​ Qatar Sports Investment ក៏​អាច​នឹង​ត្រូវ​បាត់បង់​ខ្សែ​ប្រយុទ្ធ Neymar Jr, Angel di Maria និង​ខ្សែ​ការពារ Sergio Ramos នៅ​ក្រោយ​បញ្ចប់​រដូវ​កាល​ខាង​មុខ។

ករណី​របស់ Di Maria បើ​តាម​សារព័ត៌មាន AS បាន​ចុះ​ផ្សាយ ដ្បិត​គេ​មាន​ជម្រើស​អាច​បន្ត​កុងត្រា​ថ្មី​ថែម​មួយ​ឆ្នាំ តែ​កីឡាករ​អាហ្សង់ទីន​ហាក់​ចង់​ដើរ​ចេញ​នៅ​លក្ខខណ្ឌ​ឥត​តម្លៃ​ផ្ទេរ ទៅ​កាន់​ទ្រនំ​ថ្មី​ជាង។ ក៏​ដោយសារ​មើល​ឃើញ​ពី​ការ​ធ្លាក់​ចុះ​នៃ​ទម្រង់​លេង ដែល​ទើប​តែ​បរាជ័យ​នៅ​ពាន​រង្វាន់ Champions League ជា​ថ្មី ហើយ​គេ​កំពុង​ឲ្យ​ភ្នាក់ងារ​សិក្សា​មើល​ពី​លទ្ធភាព ក្នុង​ការ​វិល​ត្រលប់​ទៅ​កាន់​ក្លឹប​ចាស់ Real Madrid។

ស្រដៀង​គ្នា​នឹង Neymar ក្រោយ​រង​ពាក្យ​រិះគន់ និង​សំឡេង​ស្រែក​ចំអក​ពី​អ្នក​គាំទ្រ​នៅ​កីឡដ្ឋាន គេ​ក៏​ហាក់​អស់​ចិត្ត​នឹង​បន្ត​នៅ រួច​ចង់​ដើរ​ចេញ​មុន​ផុត​កុងត្រា ៣ ឆ្នាំ ដោយ​អាច​ជា​វិល​ទៅ​ក្លឹប Barcelona ឬ​ក៏​បោះ​ជំហាន​ធំ ទៅ​កាន់​ក្លឹប​នៅ​ឯ​ទឹកដី​អាមេរិក ដើម្បី​កើប​លុយ​ធំ​នៅ​ទី​នោះ​តែ​ម្តង។

ចុង​ក្រោយ Sergio Ramos ​បញ្ហា​របស់​គេ គឺ​ត្រង់​ការ​កើត​មាន​របួស​ឥត​ឈប់ រួច​មិន​ទទួល​បាន​ពេលវេលា​លេង​ជាប់​លាប់ ក្រោម​ការ​ដឹកនាំ​របស់​លោក Mauricio Pochettino។ នេះ​កីឡាករ​អេស្ប៉ាញ​មើល​ឃើញ​ថា បើ​បន្ត​បែប​ហ្នឹង​តែ​ប៉ុន្មាន​ខែ​ទៀត នោះ​អាជីព​និង​កេរ​ឈ្មោះ ក៏​ប្រាកដ​ជា​ធ្លាក់​កូដ​ខ្លាំង ហើយ​ពិបាក​ស្រោចស្រង់​មិន​ខាន​នៅ​ពេល​បន្ទាប់ ដូច្នេះ​ការ​លៃលក​ស្វែងរក​ក្លឹប​ថ្មី ត្រឹម​រដូវ​ក្តៅ​ខាង​មុខ គឺ​ជា​រឿង​ដែល​គួរ​តែ​ធ្វើ៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT