McTominay និង Bruno ច្បាស់​ថា​ត្រលប់​មក​វិញ តែ​ម្នាក់​នេះ មិន​ទាន់​ប្រាកដ ១០០ ភាគរយ

នៅ​វេលា​ទាប​ភ្លឺ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី ១៦ មិនា ក្លឹប Manchester United នឹង​ត្រូវ​បើក​កីឡដ្ឋាន​ស្វាគមន៍​ក្លឹប​អេស្ប៉ាញ Atletico Madrid ជា​ជំនួប​ជើង​ទី ២ វគ្គ ១៦ ក្រុម​ចុង​ក្រោយ Champions League មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។ តាម​ការ​បញ្ជាក់​ជា​មុន ពី​លោក Ralf Rangnick ជា​អ្នកចាត់ការ បាន​បង្ហើប​ថា សល់​តែ​កីឡាករ Luke Shaw ម្នាក់​ប៉ុណ្ណោះ ដែល​មិន​ទាន់​ប្រាកដប្រជា​ ថា​នឹង​អាច​ចូល​លេង​ឬ​អត់។

សម្រាប់​ករណី Scott McTominay គេ​បាន​ត្រលប់​មក​វិញ​ហើយ ក្រោយ​ជួប​បញ្ហា​របួស ខកខាន​ការ​ឈរ​ជើង​ទល់ Spurs ​ថ្ងៃ​មុន រី​ឯ Bruno Fernandes ក៏​តេស្ត​ឃើញ​អវិជ្ជមាន ជា​សះស្បើយ​ពី​ជំងឺ​ COVID-19។ ករណី​របស់​ខ្សែ​ការពារ​ស្លាប Shaw គេ​ត្រលប់​មក​ហ្វឹកហាត់​ក៏​ពិត​មែន តែ​គ្រូ​បង្វឹក​នៅ​ចាំ​តាមដាន​និង​វាយ​តម្លៃ​សម្រេច​សិន។

អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់ និយាយ​មុន​ប៉ះ At រាត្រី​នេះ៖ “ពេលវេលា​នេះ យើង​មាន​កីឡាករ​សឹង​តែ​ទាំង​អស់​ដែល​អាច​លេង​នៅ​ថ្ងៃ​ស្អែក លើកលែង​តែ​​ Luke Shaw ម្នាក់​ប៉ុណ្ណោះ ដ្បិត​ម្សិល​មិញ គេ​ហ្វឹកហាត់ តែ​យើង​នៅ​រង់ចាំ​មើល​គេ​សិន ថា​គេ​អាច​ត្រៀម​ខ្លួន​រួចរាល់​ឬ​អត់”។

លោក​បន្ត៖ “កីឡាករ​ទាំង​អស់​ឯ​ទៀត បាន​ហ្វឹកហាត់ និង​ត្រៀម​ខ្លួន​រួចរាល់ រី​ឯ Fernandes គេ​តេស្ត​ឃើញ​អវិជ្ជមាន​តាំង​ពី​ថ្ងៃ​ម្សិល​មិញ ជា​ហេតុ​ដែល​គេ​មក​ចូលរួម​ហ្វឹកហាត់​នៅ​ថ្ងៃ​នេះ​ជាមួយ​ក្រុម​ទាំង​មូល”៕

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT