ក្រោយមើលឃើញពីការធ្លាក់ចុះនូវទម្រង់លេង កំឡុងពេលឈរជើងឲ្យក្លឹបថ្មី Paris Saint-Germain ឥឡូវយើងក៏ទទួលដំណឹងមកថា តារាឆ្នើម Lionel Messi កំពុងគិតគូរចង់វិលត្រលប់ទៅកាន់ក្លឹបចាស់ Barcelona វិញហើយនៅពេលដ៏ខ្លីខាងមុខ។
ជាការពិត Messi បានទទួលរងការរិះគន់ពីអ្នកគាំទ្រ បន្ទាប់ការបង្ហាញទម្រង់លេងមិនបានល្អ គ្រាបរាជ័យក្រោមថ្វីជើង Real Madrid នៅពានរង្វាន់ Champions League កាលពីថ្ងៃមុន។ គេនិង Neymar បានទទួលសំឡេងស្រែកចំអកពីអ្នកគាំទ្រក្នុងកីឡដ្ឋាន ដែលនេះនាំឲ្យកីឡាករមានការអាក់អន់ចិត្តនឹងខ្លួនឯងជាខ្លាំង។
បើតាមសារព័ត៌មានអេស្ប៉ាញចុះផ្សាយថា ឪពុកបង្កើតក៏ដូចជាភ្នាក់ងាររត់ការផ្ទាល់ខ្លួន លោក Jorge Messi បានទាក់ទងទៅកាន់ភាគីក្លឹបចាស់ Barcelona រួចជាស្រេចហើយ ដើម្បីសិក្សាពីលទ្ធភាពក្នុងការនាំយក កីឡាករអាហ្សង់ទីនត្រលប់ទៅទឹកដី Camp Nou វិញ។ បញ្ជាក់ថា ស្ថិតិរដូវកាល ២០២១/២២ សម្រាប់បុរសវ័យ ៣៤ ឆ្នាំ បង្ហាញខ្លួនសរុប ២៦ ប្រកួត រកបានតែ ៧ គ្រាប់និង Assist ១១ លើកប៉ុណ្ណោះ រីឯសុពលភាពកុងត្រាសេសសល់ដល់ចុងខែមិថុនា ឆ្នាំ ២០២៣៕
ប្រភព៖ Sportsmole