លោក Thomas Tuchel បាននិយាយថាលោកនឹងមិនទៅណាចោល Chelsea នោះទេ ដោយបន្ដដឹកនាំក្រុមនេះរហូតដល់ចប់រដូវកាល។
បើទោះជាអនាគតក្លឹបមិនច្បាស់លាស់ ប៉ុន្តែលោក Tuchel បានអះអាងថាសមាជិកក្រុមទាំងអស់នឹងខិតខំរហូតដល់នាទីចុងក្រោយ បើទោះជាលទ្ធផលយ៉ាងណាក៏ទទួលយកដែរ។ គ្រប់គ្នានឹងមិនបោះបង់ក្លឹប Chelsea ចោលនោះទេ ទោះស្ថិតក្នុងកាលទេសៈណាក៏ដោយ។ ដោយគេជឿថាមិនយូរឡើយ ក្លឹបនឹងអាចឆ្លងផុតដំណាក់កាលដ៏អាក្រក់នេះបាន ហើយត្រលប់មកប្រសើរឡើងវិញ។
អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់បានអះអាងថា៖ “ច្បាស់ណាស់ ខ្ញុំនឹងបន្ដនៅទីនេះរហូតដល់ចប់រដូវកាល។ យើងកំពុងរស់មួយថ្ងៃគិតមួយថ្ងៃ ព្រោះគ្រប់យ៉ាងនឹងប្រែប្រួល។ ការដាក់ទណ្ឌកម្មគឺពិតជាប៉ះពាល់ដល់ក្លឹបខ្លាំង វាបានដាក់សម្ពាធដល់គ្រប់គ្នា និងបានផ្លាស់ប្ដូរ Chelsea ច្រើន។ តែយើងមិនបោះបង់ទេ យើងនឹងបន្ដទៅមុខជាមួយគ្នា”៕ប្រភព៖ DailyMail