លោក Thomas Tuchel បានអះអាងថាក្រុមរបស់លោកនឹងបន្ដការប្រកួតរហូតទៅ ឱ្យតែមានឯកសណ្ឋានគ្រប់គ្រាន់ និងឡានក្រុងធ្វើដំណើរ បើទោះជាបច្ចុប្បន្នកំពុងរងសម្ពាធយ៉ាងណាក៏ដោយ។
ក្រុមតោខៀវ Chelsea បានយកឈ្នះលើក្រុម Norwich City ក្នុងលទ្ធផល ៣-១ បន្ទាប់ពីមានដំណឹងថាប្រធានក្លឹប Roman Abramovich ត្រូវបានរដ្ឋាភិបាលអង់គ្លេសដាក់ទណ្ឌកម្ម។ ទណ្ឌកម្មដែលទទួលនោះ ពិតជាមានឥទ្ធិពលខ្លាំងណាស់ទៅលើស្ថានភាពក្លឹបតោខៀវ ព្រោះចាប់ពីពេលនេះទៅ សូម្បីតែលក់សំបុត្រឱ្យអ្នកគាំទ្រចូលមើលការប្រកួត ក៏លែងបានទៀតដែរ។ ដោយនេះ នឹងធ្វើឱ្យក្លឹបបាត់ចំណូលខ្លាំងមិនខាន។
ជាមួយរឿងនេះដែរ លោក Thomas Tuchel បាននិយាយថា៖ “នៅពេលណាយើងមានអាវគ្រប់គ្រាន់ ហើយរថយន្ដក្រុងដើម្បីទៅប្រកួត យើងនឹងបន្ដប្រកួតទៀតហើយក៏ប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដែរ។ យើងនឹងគិតមួយថ្ងៃដើម្បីមួយថ្ងៃ។ ខ្ញុំមិនបានដឹងថាអ្វីបានកើតឡើងកាលពីម្សិលមិញមុនទេ ហើយក៏អនាគត ខ្ញុំមិនដឹងដូចគ្នា”៕