ភ្នំពេញក្រោន បញ្ចូលយុវជន ០៧រូបបន្ថែមក្នុងក្រុមធំ ក្នុងកិច្ចសន្យាហ្វឹកហាត់ផ្លូវការ

នាល្ងាចថ្ងៃទី ៧ ខែ ឧសភា ម្សិលមិញនេះ ក្លិបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសជាផ្លូវការនូវការដាក់បញ្ជូល កីឡាករយុវជនរបស់ខ្លួនចំនួន ០៧រូប ផ្ទេរពី U-17 មកចូលរួមជាមួយក្រុមធំ ក្នុងកិច្ចសន្យានៃការហ្វឹកហាត់ផ្លូវការ ។

កីឡាករទាំង ៧រូបនោះមានឈ្មោះដូចជា៖ លឹម ពិសុទ្ធ, រស់ តារាពេជ្រ, ឈុំ សុខហៃ, ទិន រ៉ូហ្សា, អ៊ុត សុផលដារិទ្ធ, ឆន ចំរើន និង ចែម ណាវីន ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្លិប លោក Craig Livingston ដែលជាគ្រូបង្វឹកក្រុម U17 ភ្នំពេញក្រោន បានលើកឡើងថា៖ «យុវជនទាំងនេះសុទ្ធតែមានសក្តានុពលដែលស័ក្តិសមនឹងទទួលបាននូវឱកាសដ៏ពិសេសនេះ ព្រោះពួកគេបានខិតខំព្យាយាមយ៉ាងខ្លាំង ថែមទាំងបានបង្ហាញទម្រង់លេងដ៏ល្អមែនទែន » ។

សូមបញ្ជាក់ថា ការបញ្ជូលឈ្មោះកីឡាករទាំង ៧រូបនេះមកកាន់ក្រុមធំរបស់ក្លិបភ្នំពេញក្រោន មានន័យថាពួកគេនឹងទទួលបានឱកាសក្នុងការចូលរួមហ្វឹកហាត់ជាមួយនឹងក្រុមឈុតធំ ព្រមទាំងអាចមានវត្តមានក្នុងការប្រកួតមិត្តភាពនានា​ឬនៅពេលដែលគ្រូបង្គោលក្រុមឈុតធំកោះហៅជាដើម ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT