ខ្សែប្រយុទ្ធ Kylian Mbappe បានរងរបួសអំឡុងពេលហ្វឹកហាត់កាលពីថ្ងៃចន្ទម្សិលមិញនេះ ហើយរបួសនោះមិនទាន់ច្បាស់ថាអាចនឹងលេងបានទល់ក្រុម Real Madrid ឬអត់នោះទេ នៅថ្ងៃស្អែក។
កីឡាករវ័យ២៣ឆ្នាំខាងលើជាតួឯកក្នុងការប្រកួតទល់ក្រុម Real Madrid នៅជើងទី១កន្លងទៅ ដោយរូបគេរកបាន១គ្រាប់ ជួយ PSG យកឈ្នះលើក្រុម Real Madrid ។ ខណៈដែលអវត្តមានរបស់គេនៅជើងទី២នេះ ក៏ទំនងជានឹងធ្វើឱ្យក្រុម PSG ពិបាកបន្ដិចផងដែរ។ ជាក់ស្ដែងនៅក្នុងលីគកន្លងទៅ អត់មាន Mbappe ក្រុម PSG លេងចាញ់ទាំងក្រុម Nice ផង។
រំលឹកថាខ្សែប្រយុទ្ធសញ្ជាតិបារាំងខាងលើ ក៏ជាកីឡាករដែលក្រុម Real Madrid កំពុងតាមទិញផងដែរ។ បើតាមការបញ្ជាក់កន្លងទៅ ភាគីទាំងសងខាងកំពុងតែចរចាគ្នា ហើយអាចត្រូវផ្នែកខ្លះហើយ ព្រោះ Mbappe បានបដិសេធមិនព្រមបន្ដកុងត្រាថ្មីទៀតហើយ៕ប្រភព៖ MARCA