ដំណើរការអស់រយៈពេល ២២សប្តាហ៍កន្លងមក លីគកំពូលកម្ពុជា រដូវកាល ២០១៨ បានបញ្ចប់កាលពីថ្ងៃអាទិត្យទី ២៨ ខែ កញ្ញា កន្លងទៅ ដោយរកឃើញក្រុមជើងឯក បានទៅណាហ្គាវើល ។
ក្នុងចំណោមការប្រកួតប្រជែងទាំង ២២ប្រកួតនោះ បឹងកេត ឈ្នះ អាស៊ីអឺរ៉ុបយូណាយធីត ៤-៣ គឺជាប្រកួតបើករដូវកាល ដែលឃើញថា Julius រកគ្រាប់បាល់ដំបូងគេ ខណៈដែលកាលនោះខ្សែប្រយុទ្ធរូបនេះធ្វើបាន Hat-trick ដំបូងគេថែមទៀតផង ។
រយៈពេលក្រោយមកទៀតរហូតដល់ចប់រដូវកាល Julius Obioh រកបានគ្រាប់បាល់សរុប ១៧ គ្រាប់ ដឹកនាំបញ្ជីកីឡាករស៊ុតចូលទីច្រើនជាងគេរបស់បឹងកេតប្រចាំរដូវកាល ២០១៨នេះ ។
ចំណាយអស់រយៈពេលជាង ២១១ថ្ងៃកន្លងមក ពោលគឺការប្រកួតបិទរដូវកាលគឺជាការប្រកួតពីរគូ គឺព្រះខ័នរាជស្វាយរៀង ទល់នឹង វិសាខា ព្រោះចប់ក្រោយការប្រកួតរវាង បឹងកេត ទល់នឹងភ្នំពេញក្រោន ។ ជាមួយគ្នាផងដែរ កីឡាករដែលស៊ុតចូលទីគ្រាប់ចុងក្រោយគេក្នុងរដូវកាល ២០១៨នេះ គឺយុវជនវ័យក្មេងរបស់វិសាខា កីឡាករ សាន គីមហេង ដែលរកគ្រាប់ទី ៤ ឱ្យវិសាខា ។
គួរឱ្យដឹងផងដែរថា សម្រាប់រយៈពេល១រដូវកាលនៅវិសាខា អតីតយុវជនសាលាបាល់ទាត់ជាតិបាទី រូបនេះ រកគ្រាប់បាល់សរុប ៧គ្រាប់ឱ្យក្លិប ពោលគឺជាកីឡាករលំដាប់ទីបី របស់ក្លិបដែលគ្រាប់បាល់បានច្រើនជាងគេ បន្ទាប់ពី Choe Myong Ho (១៤) និង កែវ សុខផេង ( ៩ ) គ្រាប់ ៕