ក្រុមបិសាចក្រហម Manchester United បានសម្រេចចិត្តដកដៃគូឧបត្ថម្ភ Aeroflot ដែលជាក្រុមហ៊ុនរបស់ប្រទេសរុស្ស៊ីចោលហើយ ក្រោយពីប្រទេសនេះបានឈ្លានពានអ៊ុយក្រែនកាលពីពេលថ្មីៗនេះ។
ក្រោយពីរុស្ស៊ី សម្រេចចិត្តលើកទ័ពវាយអ៊ុយក្រែនមក អន្ដរជាតិគ្រប់ភាគីបានចាប់ផ្ដើមដាក់ទណ្ឌកម្មមកលើរុស្ស៊ីគ្រប់ច្រកទាំងអស់។ ដោយសូម្បីតែផ្នែកកីឡា ក៏មិនទុកឱ្យរុស្ស៊ីធ្វើតាមចិត្តដែរ។ កន្លងទៅនេះ មានកីឡាករ និងក្លឹបជាច្រើនបានបង្ហាញឆន្ទៈរបស់ខ្លួនមិនចង់ឃើញមានសង្គ្រាមកើតឡើងនៅអ៊ុយក្រែននោះទេ។ ជាក់ស្ដែងក្រុម Man Utd បានសម្រេចចិត្តផ្ដាច់ការឧបត្ថម្ភរបស់ក្រុមហ៊ុន Aeroflot នៅប្រទេសរុស្ស៊ីចោលហើយ។
ដោយរាល់ឆ្នាំ Man Utd បានចំណូលពីក្រុមហ៊ុននេះរាប់លានផោនឯណោះ។ តែដោយសារមិនគាំទ្រអំពើរបស់រុស្ស៊ី ពួកគេក៏សុខចិត្តលុបកុងត្រាចោលភ្លាមៗតែម្ដង។ ក្រៅពីនោះទៅ រដ្ឋាភិបាលអង់គ្លេស ក៏កំពុងស្វែងរកវិធីដើម្បីដាក់ទណ្ឌកម្មមកលើរុស្ស៊ី ក៏ដូចជាអ្នកជំនួញរុស្ស៊ីលើទឹកដីអង់គ្លេសផងដែរ៕
ប្រភព៖ DailyMail