នៅម៉ោងបន្ថែម២០នាទីចុងក្រោយ ក្រុម U23 វៀតណាម បានដាក់អ្នកចាំទីរបស់ខ្លួនឱ្យលេងនៅតំបន់ប្រយុទ្ធវិញ ក្រោយពីខ្សែប្រយុទ្ធមានបញ្ហារបួសមិនអាចរត់លើទីលានទៀតបាន។
ក្រុម U23 វៀតណាម មានកីឡាករត្រឹម១៣នាក់ប៉ុណ្ណោះដើម្បីលេងទល់ក្រុមទីម័រនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ AFF U23 Championship នេះ។ ខណៈដែលសល់គ្នាត្រឹម២នាក់ដើម្បីដូរនេះ បានធ្វើឱ្យកីឡាករវៀតណាមដែលលេងលើទីលាន ត្រូវប្រឹងប្រែងខ្លាំងណាស់ បើទោះជារបួសតិចតួចក៏ត្រូវបន្ដលេងដែរ មិនអាចដូរចេញបានទេ។
ជាក់ស្ដែងនៅនាទី៩៩ Nguyen Trung Thanh ដែលជាខ្សែប្រយុទ្ធនោះបានរងរបួសធ្ងន់មែនទែនហើយ មិនអាចបន្ដលេងទៀតទេ។ ដូច្នេះហើយទើបគ្រូបង្វឹកត្រូវប្ដូរចេញ ហើយជំនួសវិញដោយកីឡាករ Tran Liem Dieu ដែលលេងនៅតំណែងអ្នកចាំទីទេ។ តែដោយសារស្ថានភាពបង្ខំទើបរូបគេសម្រេចលេងប្រយុទ្ធវិញបែបនេះ។
ចុងបញ្ចប់ U23 វៀតណាមពិតជាធ្វើបានមែន ដោយពួកគេអាចយកឈ្នះលើក្រុមទីម័របានដោយបាល់កាត់សេចក្ដី១១ម៉ែត្រ ក្នុងលទ្ធផល ៥-៣ ឯណោះ៕
ប្រភព៖ Zingnews