គ្រប់កម្រិតលីគរបស់អ៊ុយក្រែន បានប្រកាសផ្អាករយៈពេល៣០ថ្ងៃ ក្រោយពីម្សិលមិញនេះរុស្ស៊ី បានប្រកាសវាយប្រហារមកលើអ៊ុយក្រែនទាំងជើងគោក និងអាកាសដោយមីស៊ីល។
លីគអ៊ុយក្រែន ត្រូវចាប់ផ្ដើមវិញនៅថ្ងៃសុក្រនេះ ក្រោយពីសម្រាករដូវរងា ប៉ុន្តែក្រោយពីរុស្ស៊ីប្រកាសវាយភ្លាមៗម្សិលមិញនោះ អ្នករៀបចំលីគក៏បានប្រកាសភ្លាមៗវិញដែរ ដើម្បីផ្អាករយៈពេល៣០ថ្ងៃសិនយ៉ាងតិច។ ខណៈដែលពេលវេលាវិលត្រលប់វិញនោះ នៅមិនទាន់ច្បាស់ទេរង់ចាំស្ថានការណ៍សង្គ្រាមរវាងប្រទេសទាំងពីរសិន។
មួយវិញទៀតការប្រកួត Play off ជម្រុះ World Cup រវាងអ៊ុយក្រែន និងស្កុតឡែននោះ ក៏មិនទាន់ច្បាស់ថាអាចលេងបានឬយ៉ាងណាដែរ។ ដោយគ្រប់យ៉ាងត្រូវតាមដានស្ថានភាពសង្គ្រាមរវាងប្រទេសទាំងពីរនេះសិន។ ដោយឡែកវិស័យកីឡារបស់រុស្ស៊ីលើឆាកអន្ដរជាតិមួយចំនួនត្រូវបានលុបចោលផងដែរ ព្រោះតែការវាយប្រហារលើអ៊ុយក្រែននេះ៕ ប្រភព៖ DailyMail