មានការប្រែប្រួលអ្វីខ្លះ ចំពោះបញ្ជីឈ្មោះក្រុមជម្រើសជាតិកម្ពុជាថ្មី?

កីឡាករជម្រើសជាតិកម្ពុជា ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ធ្វើការបង្ហាញបញ្ជីឈ្មោះនាព្រឹកថ្ងៃអង្គារ៍ ទី ២ ខែ តុលា ឆ្នាំ ២០១៨នេះ គឺមានវត្តមានកីឡាករថ្មី និងបាត់ឈ្មោះកីឡាករមួយចំនួនផងដែរ សម្រាប់កីឡាករសរុបទាំង ២៤នាក់។

នៅក្នុងបញ្ជីឈ្មោះថ្មីនេះ កីឡាករដែលទទួលបានការកោះហៅថ្មីក្រោមការដឹកនាំរបស់លោក Keisuke Honda មានដូចជា៖ ជា វ៉ាន់សាក់ របស់ វិសាខា និង អ៊ុ វិចិត្រ របស់ក្រសួងការពារជាតិ សារ៉េត គ្រីយ៉ា របស់ព្រះខ័នរាជស្វាយរៀង អ៊ន ចាន់ប៉ូលីន របស់ភ្នំពេញក្រោន គួច ដានី របស់ណាហ្គាវើល និង ចាន់ វឌ្ឍនាកា របស់បឹងកេត។

គេសង្គេតឃើញថាកីឡាករមួយចំនួនក៏បានបាត់មុខផងដែរ រួមមាន អ្នកចាំទី ស៊ូយ៉ាទី របស់ណាហ្គាវើល និង អ៊ុ វិចិត្រ របស់ក្រសួងការពារជាតិ ដែលមានរបួស ខណៈក្រៅពីនេះមានដូចជា លី វ៉ាហេទ (បឹងកេត) អ៊ុក សុវណ្ណ (ភ្នំពេញក្រោន) និង ជ័យ ចិត្រា (អគ្គស្នងការដ្ឋាននគរបាលជាតិ) ដែលមិនទទួលបានការកោះហៅសារជាថ្មី។

ដូចនេះបើក្រឡែកមើលទៅលើតំបន់ប្រយុទ្ធ ឃើញថា បុរសទាំងបីបានត្រឡប់មកចូលរួមជាមួយគ្នាសារជាថ្មីវិញហើយ នោះគឺ ចាន់ វឌ្ឍនាកា ប្រាក់ មុន្នីឧត្តម និង កែវ សុខផេង ដែលធ្លាប់ធ្វើព្យុះភ្លៀងក្នុងការប្រកួតកន្លងមក ពោលគឺអំឡុងឆ្នាំ ២០១៦ ។

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតមិត្តភាពអន្តរជាតិ ទល់នឹងក្រុមជម្រើសជាតិទីម័រខាងកើត នៅថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១៨ ខាងមុខនេះ ដើម្បីត្រៀមខ្លួនមុនចូលរួមប្រកួត AFF Suzuki Cup 2018 ពូល A ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT