ខ្សែប្រយុទ្ធ Harry Kane រកបាន២គ្រាប់ម្នាក់ឯងជួយក្រុម Spurs យកឈ្នះលើក្រុម Manchester City ក្នុងលទ្ធផល ៣-២ សម្រាប់ការប្រកួតពានរង្វាន់ English Premier League យប់មិញ។
លេងនៅដីរបស់ក្រុម Man City មែន ប៉ុន្តែក្រុម Spurs ឯណោះទេដែលជាអ្នកបើកការនាំមុខមុននៅនាទី៤ ដោយកីឡាករ Kulusevski ។ នៅនាទី៣៣ ខ្សែបម្រើ Gundogan ក៏អាចរកគ្រាប់បាល់តាមស្មើឱ្យក្រុមម្ចាស់ផ្ទះ City វិញបាន។ ការប្រកួតឈានចូលតង់ទី២ នាទី៥៩ ខ្សែប្រយុទ្ធ Harry Kane ក៏បានរកគ្រាប់បាល់នាំមុខជាថ្មីទៀតលើក្រុមរបស់លោក Pep តែក៏ត្រូវ Mahrez ប៉េណាល់ទីតាមស្មើវិញបានទៀតនៅនាទី៩០+២។ តែ៣នាទីក្រោយពីប៉េណាល់ទីនោះ Kane ដដែលក៏រកគ្រាប់បាល់បានទៀត ដើម្បីយកឈ្នះលើក្រុម Man City បានក្នុងលទ្ធផល ៣-២ តែម្ដង។
ការបរាជ័យនេះនេះដែរ ក៏បានធ្វើឱ្យក្រុម Man City បន្ថយគម្លាតជាមួយក្រុម Liverpool ត្រឹម៦ពិន្ទុប៉ុណ្ណោះ ខណៈដែលក្រុមហង្សក្រហមនៅសល់១ប្រកួតក្នុងដៃទៀតដែរ។ ប្រសិនបើពួកគេឈ្នះ១ប្រកួតនោះទៀត គឺមានន័យថាគម្លាតរវាងក្រុម City និង Liverpool នៅសល់ត្រឹម៣ពិន្ទុប៉ុណ្ណោះ៕