ខ្សែប្រយុទ្ធ Anthony Martial ជាមួយការផ្ទេរនៅលក្ខខណ្ឌខ្ចីជើងទៅកាន់ក្លឹបអេស្ប៉ាញ Sevilla គេហាក់កំពុងបង្ហាញទម្រង់លេងយ៉ាងល្អ ដោយ ២ ប្រកួត ឈរជើង ១៥៩ នាទី ចូលរួមចំណែក Assist ១ លើកហើយ។ ពេលចុងក្រោយ ក្លឹបដូចជាពេញចិត្តខ្លាំង លើសមត្ថភាពកីឡាករបារាំង។
បើតាមការបង្ហើបកន្លងទៅ ពីនាយកផ្នែកកីឡានៃក្លឹបកំពុងឈរលេខ ២ នៅតារាង La Liga លោក Monchi បានមានការជឿជាក់ថា ហេតុផលដែល Martial បង្ហាញទម្រង់លេងល្អនៅក្លឹបអេស្ប៉ាញ ក៏ដោយសារគេនៅទីនេះ គឺទទួលបានភាពរីករាយ និងការយកចិត្តទុកដាក់ មិនដូចកាលនៅកន្លែងចាស់។
ប្រាប់ The Times លោក Monchi ថា៖ “ខ្ញុំឃើញ Martial គេរីករាយ នៅរយៈពេល ២ សប្តាហ៍មកនេះ ដោយជាការពិត កីឡាករគេមានគុណភាព និងបច្ចេកទេសស្រាប់ហើយ រួចមកទីនេះ យើងយកចិត្តទុកដាក់លើគេ គាំទ្រគេ បន្ថែមការជឿជាក់លើគេ និងជជែកទៅកាន់គេឲ្យបានច្រើនបន្ថែមទៀត អារម្មណ៍បែបហ្នឹងគឺសំខាន់ខ្លាំងសម្រាប់កីឡាករ”។
សូម្បីតែអ្នកចាត់ការផ្ទាល់ លោក Julen Lopetegui ក៏ឆ្លៀតសរសើរ Martial ដែរថា៖ “ខ្ញុំគិតថា គេលេងបានល្អ គេជួយយើងនៅតំណែងផ្សេងគ្នាលើទីលាន គេអាចទាំងក្នុងនិងក្រៅ នៅប្រព័ន្ធ ៤-៣-៣ និយាយទៅ ជាខ្សែប្រយុទ្ធក៏បាន ជាខ្សែប្រយុទ្ធទីពីរក៏បាន”។ បញ្ជាក់ថា កីឡាករវ័យ ២៦ ឆ្នាំ សេសសល់ពេលវេលាឈរជើង ជាង ៤ ខែទៀតជាមួយក្លឹប Sevilla៕
ប្រភព៖ Metro