នៅប្រវត្តិសាស្រ្តពានរង្វាន់អឺរ៉ុប UEFA Champions League កីឡាកររកបានគ្រាប់បាល់ច្រើនដាច់គេ គឺជា Cristiano Ronaldo ដោយ ១៨១ ប្រកួត រកបាន ១៤០ គ្រាប់ នាំមុខទៅលើ Lionel Messi មាន ១២៥ គ្រាប់ Robert Lewandowski មាន ៨២ គ្រាប់ និង Karim Benzema មាន ៧៦ គ្រាប់ជាដើម។
តែយ៉ាងណា បង្វែរទៅជ្រុងមួយ មុនការប្រកួត UCL ឈានចូលមកដល់នៅរាត្រីនេះ ទំព័រ CTS Sports សូមបង្ហាញឈ្មោះកីឡាករ ៥ រូប រកបានគ្រាប់បាល់ច្រើនបំផុត រាប់តែនៅវគ្គ ១៦ ក្រុម ហើយតារាឆ្នើមសញ្ជាតិព័រទុយហ្គាល់ បែរជាឈរនៅលេខរៀងទី ២៖
៥) Karim Benzema
ជាខ្សែប្រយុទ្ធកាន់ឆ្នាំរបស់ក្លឹប Real Madrid ហើយនៅពាន UCL គេមិនធ្លាប់ឈ្នះពានឯកត្តជន នាមកីឡាកររកបានគ្រាប់បាល់ច្រើនបំផុតប្រចាំរដូវកាលនោះទេ ពោលអស់ធំបានត្រឹម Top Assist ធ្វើបាន ៥ គ្រាប់កាលពីរដូវកាល ២០១១/១២។
យ៉ាងណាកីឡាករលើកពាន UCL ៤ លើករូបនេះ រាប់តែនៅវគ្គ ១៦ ក្រុម តាំងតែពីគ្រាលេងឲ្យក្លឹបចាស់ Lyon មកទល់ក្លឹបចុងក្រោយ R.Madrid គេរកបានសរុប ១១ គ្រាប់។
៤) Thomas Muller
កីឡាករអាល្លឺម៉ង់ ជា ១ ក្នុងចំណោម ៨ រូប ដែលរក ៥០ គ្រាប់នៅប្រវត្តិសាស្រ្តពាន UCL។ ចំណោមគ្រាប់បាល់ទាំងនោះ មាន ១២ គ្រាប់ ដែល Muller ធ្វើបាននៅការប្រកួតវគ្គ ១៦ ក្រុម។
Muller លើកពានរង្វាន់ Champions League ២ លើក ជាមួយ Bayern Munich កាលពីឆ្នាំ ២០១២ និង ២០២០ ដោយវាជាឆ្នាំតែមួយ ដែលកីឡាករឈ្នះពាន ៣។ នៅប្រកួតវគ្គ ១៦ ក្រុមសារនេះ ក្រុមអាល្លឺម៉ង់ នឹងត្រូវប៉ះក្រុមមកពីអូទ្រីស គឺ RB Salzburg នៅថ្ងៃទី ១៧ កុម្ភៈ។
៣) Robert Lewandowski
សរុប ៨២ គ្រាប់ដែលកីឡាករប៉ូឡូញ សម្រេចបាននៅ UCL គឺមាន ១៤ គ្រាប់ កើតឡើងនៅវគ្គ ១៦ ក្រុម។ Lewandowski បានក្លាយជាម៉ាស៊ីនបញ្ចប់ទីដ៏ជំនាញនៅរយៈពេលចុងក្រោយ ហើយយើងក៏នៅតែមានការជឿជាក់ ថាខ្សែប្រយុទ្ធវ័យ ៣៣ ឆ្នាំ នឹងបន្តធ្វើបានល្អ សម្រាប់ការប៉ះ RB Salzburg នៅពេលដ៏ខ្លីខាងមុខ។
២) Cristiano Ronaldo
ចំណោមគ្រាប់បាល់ ១៤០ គ្រាប់ ដែល CR7 ធ្វើបាននៅ UCL គឺមានតែ ២៥ គ្រាប់ប៉ុណ្ណោះ នៅវគ្គ ១៦ ក្រុម។ តួលេខនេះ មិនអាចរុញឲ្យ Ronaldo ឈរនៅលេខរៀងទី ១ បានឡើយ។
គ្រាប់បាល់ដំបូង ដែលកីឡាករព័រទុយហ្គាល់ ធ្វើបាននៅវគ្គ Knockout stage មួយនេះ គឺកាលពីរដូវកាល ២០០៧/០៨ ពេល Man Utd លេងប៉ះក្លឹបបារាំង Lyon។ ចំណែកឯវគ្គ ១៦ ក្រុម រដូវកាល ២០២១/២២ ក្រុម Man Utd ដដែល កំណត់ឲ្យមកជួប Atletico Madrid។
១) Lionel Messi
ជិត ១ ភាគ ៤ នៃគ្រាប់បាល់សរុបរបស់ Messi នៅ UCL គឺបានកើតឡើងនៅវគ្គ ១៦ ក្រុម ពោលមានដល់ទៅ ២៩ គ្រាប់។ កីឡាករអាហ្សង់ទីន ជាមួយក្លឹបថ្មី PSG រដូវកាលនេះ រកបានដល់ទៅ ៥ គ្រាប់ នៅ ៥ ប្រកួត រាប់តែនៅពានអឺរ៉ុបសុទ្ធ។
យើងកំពុងរង់ចាំអ៊ុតមើលថា តើរាត្រីនេះ ម្ចាស់ជើងឯក ៤ សម័យកាលខាងលើ នឹងអាចបន្តការរកគ្រាប់បាល់ ទល់ក្លឹប R.Madrid នៅវគ្គ ១៦ ក្រុមបន្ថែមទៀតដែរឬយ៉ាងណា?
ប្រភព៖ បរទេស