លោក Ralf Rangnick អ្នកចាត់ការក្រុមបិសាចក្រហម Manchester United បាននិយាយដោយស្មោះថាក្រុមរបស់លោកនឹងពិបាកមិនខានក្នុងការស្វែងរកកៅអីនៅ Top4 នារដូវកាលនេះ។
នៅយប់មិញ ក្នុងដី Old Trafford ក្រុមបិសាចក្រហម Man Utd លេងបានត្រឹមស្មើជាមួយក្រុម Southampton ក្នុងលទ្ធផល ១-១ ប៉ុណ្ណោះ។ ដោយក្រុមរបស់លោក Rangnick ធ្វើបានល្អ នាំមុខមុនទៀតហើយ តែចុងក្រោយពួកគេនៅតែរបូតគ្រាប់បាល់ទៅដៃគូតាមស្មើបានទៀត។ វាកើតឡើងស្រដៀងនឹងការប្រកួតជាមួយក្រុម Burnley ដែរ ដែលពួកគេនាំមុខគេមុន តែចុងក្រោយលទ្ធផលបានត្រឹមស្មើប៉ុណ្ណោះ។
ការលេងរបៀបនេះ សូម្បីតែលោក Ralf Rangnick ដែលជាអ្នកចាត់ការផ្ទាល់ក៏មើលឃើញថាកូនក្រុមមិនមានអារម្មណ៍ក្នុងការប្រកួតនោះទេ។ ប្រសិនបើពួកគេបន្ដលេងបែបនេះទៀត នោះឱកាសបានចូល Top4 នៅរដូវកាលនេះ នឹងពិបាកខ្លាំងមិនខាន។ ក្រុមគូប្រជែងដទៃទៀតកំពុងរៀបចំក្រុមបានល្អណាស់៕ ប្រភព៖ DailyMail