វីរបុរសបាល់ទាត់ប្រេស៊ីល Rivaldo ជឿថាក្រុម Palmeiras មានសមត្ថភាពគ្រប់គ្រាន់និងឱកាសល្អដើម្បីយកឈ្នះលើក្រុម Chelsea លើកពានរង្វាន់ FIFA Club World Cup បាន។
នៅម៉ោង១១:៣០នាទីយប់នេះ ក្រុមតោខៀវ Chelsea មានឱកាសជាលើកទី២ដើម្បីយកពានរង្វាន់ FIFA Club World Cup ខណៈដែលលើកទី១កន្លងទៅនៅឆ្នាំ២០១២ ពួកគេបានបរាជ័យក្រោមថ្វីជើងក្រុម Corinthians ។ ស្របពេលទម្រង់លេងបច្ចុប្បន្ននេះទៀតសោត ក៏បានបញ្ជាក់ថាក្រុមរបស់លោក Thomas Tuchel នៅមិនទាន់លេងយល់ចិត្តគ្នាល្អទេ ព្រោះ៥ប្រកួតកន្លងមកនៅលីគ ពួកគេឈ្នះតែ១ដងគត់។ ជាមួយគ្នានេះដែរ បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រនេះ ក៏ក្រុមជើងឯក UEFA Champions League ឈ្នះក្រុម Al-Hilal ត្រឹមលទ្ធផល ១-០ ប៉ុណ្ណោះ។
ដោយមើលឃើញក្រុម Chelsea កំពុងខ្សោយនេះហើយ ទើបបានជាលោក Rivaldo និយាយថានេះជាឱកាសល្អបំផុតហើយសម្រាប់ក្រុម Palmeiras ដើម្បីឈ្នះពានរង្វាន់ FIFA Club World Cup ។ មួយវិញទៀត សមត្ថភាពរបស់ក្រុមប្រេស៊ីលមួយនេះក៏ល្អគ្រប់គ្រាន់ដើម្បីយកឈ្នះលើក្រុម Chelsea បានផងដែរ ប្រសិនបើពួកគេផ្ដោតលើការប្រកួតបាន១០០%៕ ប្រភព៖ DailyMail