ក្លឹបហង្សក្រហម Liverpool បានជោគជ័យក្នុងការចុះហត្ថលេខា នាំយកខ្សែប្រយុទ្ធ Luis Diaz ពីក្លឹប FC Porto នៅថ្ងៃចុងក្រោយមុនបិទទីផ្សារដោះដូរ ជាមួយនឹងតម្លៃផ្ទេរ ៣៧ លានអឺរ៉ូ។ យ៉ាងណាមិនមែនតែក្លឹបអង់គ្លេសខាងលើទេ ដែលចាប់ចិត្តមកលើកីឡាករកូឡុំប៊ី ទៀតសោតក៏មាន Tottenham Hotspur, AS Roma និង Barcelona ផ្សេងទៀតផងដែរ។
ប្រភពពីសារព័ត៌មាន El Pais ចុះផ្សាយថា តាមពិតទៅ Barcelona មានគម្រោងចង់យក Diaz រួមគ្នានឹងការចុះហត្ថលេខាយក Adama Traore ក៏ដូចជា Pierre-Emerick Aubameyang តែយ៉ាងណាបានខកខាន ក៏ដោយសារក្លឹបមិនសល់ចន្លោះ គួបផ្សំនឹងការលក់ចេញ Ousmane Dembele មិនទទួលបានជោគជ័យ។ ហេតុនេះក្លឹបក៏គ្មានលទ្ធភាព នឹងយកលុយទៅចរចាយកគេផុតពីមាត់ Liverpool នោះដែរ។
ប្រភពជិតស្និទ្ធមួយបានបញ្ជាក់៖ “នៅទីផ្សារដោះដូរកន្លងទៅនេះ Barcelona ប៊ិះតែនឹងយកបានខ្សែប្រយុទ្ធមួយរូបបន្ថែមទៀត [សំដៅទៅ Diaz] តែដោយសារ Dembele គេបដិសេធការចាកចេញ ទើបនាំឲ្យក្លឹបបរាជ័យការនាំយកនោះដូចគ្នា ហើយកីឡាករក៏បានព្រមព្រៀងការផ្ទេរទៅកាន់ក្លឹប Liverpool ឯណោះ”។ បញ្ជាក់ថា កីឡាករបានបង្ហាញខ្លួន ២ ប្រកួតហើយឲ្យក្រុមលោក Jurgen Klopp ទាំងនៅ FA Cup និង Premier League កាលពីយប់មិញ៕
ប្រភព៖ El Pais