លោក Ralf Rangnick អ្នកចាត់ការក្រុម Manchester United បានអះអាងថាឱកាសឈ្នះពានរង្វាន់របស់ក្រុមនៅរដូវកាលនេះបានអស់ទៅហើយ ក្រោយពីធ្លាក់ចេញពីពាន FA Cup ។
ក្រុម Man Utd បានបរាជ័យក្រោមថ្វីជើងក្រុម Middlesbrough មកពីលីគលំដាប់ទី២ ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ សម្រាប់ការប្រកួតពានរង្វាន់ FA Cup កន្លងទៅនេះ។ ការធ្លាក់ចេញពីពានរង្វាន់ធំនៅអង់គ្លេសនេះដែរ ក៏បានធ្វើឱ្យក្រុមបិសាចក្រហមស្ទើរតែអស់ឱកាសឈ្នះពាននៅរដូវកាលនេះហើយ ព្រោះពួកគេនៅសល់តែពាន UEFA Champions League មួយទៀតទេ ដែលអាចប្រជែងបាន។ សម្រាប់លីគវិញ ក្រុមមួយនេះយកបានត្រឹម Top4 ជារឿងល្អបំផុតហើយ។
លោក Rangnick បានបង្ហាញចំណាប់អារម្មណ៍ដែរថា៖ “ច្បាស់ណាស់យើងស្ទើរតែអស់ឱកាសឈ្នះពាននៅរដូវកាលនេះហើយ ក្រោយធ្លាក់ពី FA Cup ។ សម្រាប់ UCL នៅមានក្រុមខ្លាំងៗជាច្រើនដែលនឹងត្រូវតតាំងគ្នា នៅសល់១៦ក្រុមទៀតឯណោះ”។
ក្នុងវគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ Champions League ក្រុម Manchester United នឹងត្រូវតតាំងជាមួយក្រុមខ្លាំងអេស្ប៉ាញ Atletico Madrid ៕
ប្រភព៖ DailyMail