ខ្សែបម្រើ Bruno Guimaraes បាននិយាយថាក្រុម Newcastle United នឹងក្លាយជាក្លឹបមានឥទ្ធិពលមួយនៅថ្ងៃអនាគតជាក់ជាមិនខាន។
កីឡាករប្រេស៊ីលខាងលើបានចូលរួមជាមួយក្រុម Newcastle នៅថ្ងៃ៣០ខែមករាកន្លងទៅ ក្នុងតម្លៃ៣៥លានផោន ផ្ទេរមកពីក្រុម Lyon ។ កីឡាករវ័យ២៤ឆ្នាំរូបនេះ ក៏ក្រុម Arsenal ចង់បានដែរ ប៉ុន្តែរូបគេបញ្ជាក់ថាចាប់អារម្មណ៍ការដាក់គោលដៅរបស់ក្រុម Newcastle United ជាងក្រុមកាំភ្លើងធំ ទើបបានជារូបគេសម្រេចចិត្តមកចូលរួមជាមួយក្រុមនេះ។
ក្រោយពីចូលរួមជាមួយក្រុមអ្នកមានថ្មីរបស់អង់គ្លេសនេះ Bruno Guimaraes បាននិយាយថា៖ “នេះជាក្លឹបមួយដែលមានមហិច្ឆតា ហើយគោលដៅច្បាស់លាស់។ ពួកគេនឹងក្លាយជាក្លឹបមានឥទ្ធិពលមួយនៅថ្ងៃអនាគតមិនខាន។ ក្លឹបនេះមានប្រវត្តិសាស្ត្រដ៏ល្អ ហើយខ្ញុំមិនស្ទាក់ស្ទើរទេក្នុងការចូលរួមជាមួយក្រុម Newcastle United”៕
ប្រភព៖ BBC