អតីត​ប្រធាន​ក្លឹប Barca៖ “ខ្ញុំ​ស្គាល់ Perez ច្បាស់ ក្លឹប Real យក​បាន Mbappe ហើយ”

អតីត​ប្រធាន​ក្លឹប Barcelona ដែល​ឈរ​ឈ្មោះ​ចន្លោះ​ឆ្នាំ ២០០០ ដល់ ២០០៣ គឺ​លោក Joan Gaspart បាន​ទម្លាយ​កាល​ពី​ពេល​ថ្មីៗ​នេះ ថា​ក្លឹប Real Madrid ច្បាស់​ណាស់ គឺ​សម្រេច​ការ​ចុះ​ហត្ថលេខា​យក Kylian Mbappe បាន​ហើយ គ្រាន់​តែ​មិន​ទាន់​ប្រកាស​ផ្លូវការ។ រំឭក​បន្តិច កីឡាករ​វ័យ ២៣ ឆ្នាំ គេ​សល់​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២២ តែ​ចន្លោះ​ពេល​នេះ ដល់​បញ្ចប់​រដូវ​កាល​គេ​មាន​សិទ្ធ អាច​ចរចា​និង​សម្រេច​ជា​លក្ខណៈ Pre-Contract រវាង​ភាគី​ក្លឹប​ដទៃ​បាន។

លោក Gaspart និយាយ​៖ “ខ្ញុំ​សុំ​ទម្លាយ​រឿង​មួយ​ទៅ​ចុះ គឺ Kylian គេ​បាន​ចុះ​ហត្ថលេខា​រួចរាល់​ហើយ​ឲ្យ Real Madrid រឿង​ហ្នឹង​ខ្ញុំ​ច្បាស់​ណាស់ ព្រោះ​អី​ខ្ញុំ​ស្គាល់ Florentino [ប្រធាន​ក្លឹប Real Madrid] ច្បាស់”។ បន្ថែម​ពី​រឿង Mbappe បុរស​វ័យ ៧៧ ឆ្នាំ​ខាង​លើ ក៏​ឆ្លៀត​សង្កត់​ធ្ងន់​ដល់​រឿង Barcelona ថា​មិន​គួរ​រក្សា​ទុក Ousmane Dembele ​នោះ​ទេ បើ​ទុក​គេ​ហើយ​មិន​ប្រើប្រាស់​គេ​លើ​ទីលាន​ផង​នោះ។

គួរ​ឲ្យ​ដឹង​ថា Mbappe ក៏​លេចលឺ​ អាច​ទទួល​បាន​ថ្លៃ​ពលកម្ម​កប់​ពពក​ដល់​ទៅ ៥០ លាន​អឺរ៉ូ/ឆ្នាំ​ឯ​ណោះ​ពី​អធិរាជ​ស។ ទាក់ទង​នឹង​ថ្លៃ​ពលកម្ម​ក្រាស់ក្រែល វា​ក៏​អាច​ជា​មូលហេតុ​ដែល​កីឡាករ​សម្រេច​ចិត្ត​អូស​បន្លាយ​ពេល​ដល់​ផុត​កុងត្រា​ផង​ដែរ ព្រោះ​ជា​ការ​ពិត ប្រសិន​ការ​ផ្ទេរ​ចូល ស្ថិត​នៅ​លក្ខខណ្ឌ​ឥត​តម្លៃ​ខ្លួន នោះ​ក្លឹប​នឹង​អាច​បង្វែរ​លុយ​ពី​ការ​ចំណាយ​លើ​តម្លៃ​ផ្ទេរ មក​ប៉ះប៉ូវ​ឲ្យ​ថ្លៃ​ពលកម្ម​សម្រាប់​កីឡាករ​ជំនួស​វិញ​បាន៕

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT