នៅយប់មិញនេះ ក្រុមកំពូលតារាង Real Madrid និង FC Barcelona ទទួលបានលទ្ធផលស្មើដូចគ្នាទៀតហើយ មិនខុសពីប្រកួតមុនដែលពួកគេចាញ់ដូចគ្នានោះទេ។
FC Barcelona បានត្រឹមស្មើជាមួយក្រុម Atletic Club ក្នុងលទ្ធផល ១-១ ដែលការប្រកួតនេះធ្វើឡើងនៅទឹកដី Camp Nou ផ្ទាល់តែម្ដង។ ក្រុមរបស់លោក Ernesto Valverde មានទម្រង់លេងមិនល្អឡើយ ប៉ុន្មានប្រកួតមកនេះ។ តួយ៉ាងដូចជាយប់មិញ ត្រូវក្រុមភ្ញៀវ Atletic Club នាំមុខមុនទៀត នៅនាទី៤១។ ក្រោយត្រូវគេនាំមុខហើយ ក្រុមអ្នកមានបុណ្យដែលពោរពេញដោយកីឡាករខ្លាំងៗនោះ មិនអាចធ្វើអ្វីក្រុមភ្ញៀវបានឡើយ ដោយត្រូវរង់ចាំរហូតដល់នាទី៨៤ឯណោះ ទើបអាចរកបាន១គ្រាប់តាមស្មើវិញបាន។
ដោយឡែកសម្រាប់ Real Madrid វិញ មានវាសនាមិនខុសពី Barcelona ឡើយ។ ពួកគេលេងបានត្រឹមស្មើជាមួយក្រុម Atletico Madrid ក្នុងលទ្ធផល ០-០។ ម្ចាស់ផ្ទះ Real ព្យាយាមវាយសម្រុកខ្លាំងមែនទែន ប៉ុន្តែមិនអាចធ្វើអ្វីក្រុមល្បីពូកែខាងការពាររបស់លោក Simeone បានឡើយ។ ក្រោមក្រសែភ្នែកអ្នកគាំទ្រជាង៧ម៉ឺននាក់ ក្រុមទាំងសងខាងមិនអាចរកគ្រាប់បាល់ចូលទីគ្នាទៅវិញទៅមក រហូតដល់ចប់៩០នាទីតែម្ដង។
លទ្ធផលក្រុមកំពូលតារាងស្មើដូចគ្នានេះដែរ បានធ្វើឱ្យ La Liga កាន់តែស្វិតស្វាញទៅហើយ។ ពោលគឺ Barcelona និង Real Madrid មាន១៤ពិន្ទុ តាមពីក្រុមដោយ Sevilla មាន១៣ពិន្ទុ និងក្រុម AT Madrid មាន១២ពិន្ទុ ឆ្លងកាត់៧ប្រកួត៕ប្រភព៖ dailymail