Paul Pogba កន្លងទៅបានជួបបញ្ហារបួសភ្លៅ នៅកំឡុងពេលទៅចូលរួមជួយក្រុមជម្រើសជាតិបារាំង ហើយក៏បានសម្រាកអស់រយៈពេលជិត ៣ ខែ។ តែយ៉ាងណាមកដល់ដើមខែកុម្ភៈនេះ យើងទទួលដំណឹងថា គេកៀកនឹងត្រលប់មកវិញហើយ។
តាមពិតទៅ អ្នកចាត់ការលោក Ralf Rangnick បានបង្ហើបតម្រុយតាំងពីដើមខែមករា ថានៅសល់ពេល ៥ សប្តាហ៍ទៀត ខ្សែបម្រើវ័យ ២៨ ឆ្នាំនឹងត្រលប់ចូលទីលានវិញ។ បើតាមសារព័ត៌មាន The Mirror ចុះផ្សាយថ្មីៗនេះ បានឲ្យដឹងថា Pogba គេបានត្រលប់មកទីលានហ្វឹកហាត់វិញហើយ ដោយកំពុងត្រៀមខ្លួនជាបណ្តើរៗ តែយ៉ាងណាការប្រកួតនៅពេលដ៏ខ្លីខាងមុខ ទល់ Middlesbrough នៅ FA Cup គឺប្រហែលមិនទាន់មានវត្តមានគេទេ ពោលអាចជារង់ចាំដល់សប្តាហ៍ក្រោយ។
គួរបញ្ជាក់ថា ប្រកួតបន្តបន្ទាប់ United ក៏នឹងមមាញឹកខ្លាំងដែរ ព្រោះអី ១៦ ថ្ងៃ ត្រូវលេងដល់ទៅ ៥ ប្រកួត។ ណាមួយក្លឹបក៏បានបាត់បង់ខ្សែបម្រើ Donny van de Beek ឲ្យទៅ Everton នៅលក្ខខណ្ឌខ្ចីជើង ដូច្នេះការវិលមកវិញរបស់ Pogba ពេលនេះ អាចថាជារឿងល្អ។ រំឭកជុំវិញសុពលភាពកុងត្រារបស់គេ នឹងត្រូវផុតនៅចុងខែមិថុនា ឆ្នាំ ២០២២ ខាងមុខ៕
ប្រភព៖ The Mirror