កាលនៅជាកីឡាករ ធ្លាប់ជាវីរបុរស បង្កើតសមិទ្ធផលជោគជ័យរាប់ភ្លេចឲ្យក្លឹប តែក៏មិនប្រាកដថា ការវិលត្រលប់មកវិញជាថ្មី នៅតំណែងជាអ្នកចាត់ការ នឹងអាចធានាថាជោគជ័យដូចកាលនៅជាកីឡាករនោះទេ។
ជាក់ស្ដែងដូចរឿងរ៉ាវ Legend នៃក្លឹប ៣ ដូចបង្ហាញក្នុងអត្ថបទនេះ ចុងក្រោយពួកគេបែរជាមកលក់មុខ ទទួលរងភាពអាម៉ាស់ ក្រោយដឹកនាំក្លឹបរបស់ខ្លួនមិនទទួលបានជោគជ័យ ដូចការគ្រោងទុក៖
៣) Andrea Pirlo
មិនធ្លាប់មានបទពិសោធន៍ដឹកនាំក្លឹបពីមុនមកទេ តែការបោះជំហានដំបូង អតីតខ្សែបម្រើ Pirlo បែរជាមកចាប់តំណែងធំ នៅ Juventus ភ្លែត។ ពេលវេលាឈរជើងរបស់គ្រូសញ្ជាតិអ៊ីតាលី នៅក្លឹបសេះបង្កង់ ឆ្លងកាត់បានតែជាង ៩ ខែប៉ុណ្ណោះ មុនត្រូវបានក្លឹបប្រកាសបណ្តេញចេញទៅវិញ និងជំនួសដោយលោក Massimiliano Allegri ឲ្យមកដឹកនាំទល់សព្វថ្ងៃ។
ដឹកនាំ ៥៤ ប្រកួត Juventus ឈ្នះ ៣៤ ស្មើ ១០ និងចាញ់ ៨ ហើយនៅរដូវកាលចុងក្រោយ Pirlo ប៊ិះតែនឹងនាំឲ្យសេះបង្កង់ របូតតំណែង Top 4 ខកខានលេង UCL ថែមទៀត ពោលបាននាំមុខទៅលើ Napoli ជាក្រុមលេខ ៥ តែមួយពិន្ទុប៉ុណ្ណោះ។ មុនការចាកចេញ បុរសវ័យ ៤២ ឆ្នាំក៏និយាយដែរថា ប្រសិនអាចឲ្យពេលវេលាត្រលប់ថយក្រោយ លោកនឹងធ្វើការសម្រេចចិត្តម្តងទៀត ព្រោះអីសារនេះ លោកដឹងច្បាស់ថា ការមកកាន់តំណែងជាអ្នកចាត់ការនៅ Juventus គឺជារឿងប្រថុយប្រថានខ្លាំង។
២) Ronald Koeman
ជាអតីតខ្សែការពារ ដែលរកបានគ្រាប់បាល់ច្រើនជាងគេឲ្យក្លឹប Barcelona តែ Koeman ខុសពី Pirlo គឺត្រង់ថា មុនមកដឹកនាំអ្នកមានបុណ្យ គឺលោកធ្លាប់ហែលកាត់ការដឹកនាំក្លឹបជាច្រើនរួចមកហើយ។
នៅខែសីហា ឆ្នាំ ២០២០ នៅសម័យកាលដែលប្រធានចាស់ លោក Josep Maria Bartomeu នៅដឹកនាំ លោកបានប្រកាសចាត់តាំង Koeman ជាអ្នកចាត់ការថ្មី។ យ៉ាងណានៅចន្លោះពេល ១៤ ខែ ដឹកនាំ ៦៧ ប្រកួត គ្រូហូឡង់ ស្គាល់ជ័យជម្នះតែ ៤០ ស្មើ ១១ និងចាញ់ដល់ទៅ ១៦ លើក ហើយអ្វីដែលសំខាន់ នៅប្រកួត El Clasico ៣ លើកជាប់គ្នា លោកមិនដែលដឹកនាំក្រុមឲ្យស្គាល់ជ័យជម្នះនោះទេ។ រហូតដល់ចុងខែកក្កដា កាលពីឆ្នាំទៅ ក្លឹបក៏សម្រេចដកតំណែង Koeman ហើយជំនួស ដោយអតីតខ្សែបម្រើ Xavi Hernandez ឲ្យមកដឹកនាំបន្ត។
១) Ole Gunnar Solskjaer
ជា Legend នៅបិសាចក្រហម ដែលឈរជើងច្រើនជាង ១ ទសវត្សកាលនៅជាកីឡាករ ហើយរហូតមកដល់ខែធ្នូ ឆ្នាំ ២០១៨ បានទទួលឱកាស ជាអ្នកចាត់ការបណ្តោះអាសន្ន រួចចន្លោះពេលជាង ៤ ខែដំបូង ក៏ឃើញថា Ole ដឹកនាំបានជោគជ័យពិតមែន។
ការចុះហត្ថលេខាក្លាយជាគ្រូពេញសិទ្ធ ក៏បានកើតឡើងនៅខែមិនា ឆ្នាំ ២០១៩ តែយ៉ាងណានៅរដូវកាលបន្តបន្ទាប់ ទម្រង់លេងរបស់ក្រុមហាក់ធ្លាក់ចុះខ្លាំង ហើយងើបមុខមិនរួចទាល់តែសោះ បើទោះបីរយៈពេលចុងក្រោយ មានវត្តមានកីឡាករល្អៗដូចជា Cristiano Ronaldo, Jadon Sancho, Raphael Varane និង Harry Maguire ជាដើមក៏ដោយ។
Hashtag #OleOut បានផ្ទុះឡើងឥតឈប់ ហើយទីបំផុតនៅខែវិច្ឆិកា ឆ្នាំ ២០២១ ក្លឹបក៏សម្រេចដកតំណែងលោក Ole ទាំងអាល័យ ព្រោះអីក្លឹបធ្វើទាំងបង្ខំចិត្ត ក៏ដោយសារយោគយល់ដល់ជោគជ័យកាលពីដំបូង ដែលគ្រូសញ្ជាតិន័រវេសធ្លាប់សម្រេចបាន ណាមួយក៏ជាកីឡាករកាន់ឆ្នាំនៅ Old Trafford ផង។ ស្ថិតិដឹកនាំ ១៦៨ ប្រកួត Ole ស្គាល់ជ័យជម្នះ ៩២ ស្មើ ៣៥ និងចាញ់ ៤១ លើក៕