ក្រុមមេឃខៀវ Manchester City កាន់តែកៀកក្នុងការទិញបានខ្សែប្រយុទ្ធម្នាក់ហើយឈ្មោះថា Julian Alvarez ពីក្រុម River Plate ក្នុងតម្លៃប្រមាណ២០លានផោន។
យុវជនវ័យ២១ឆ្នាំខាងលើ ត្រូវចាត់ទុកថាជាកីឡាករបាល់ទាត់ឆ្នើមជាងគេនៅប្រទេសអាហ្សង់ទីន បន្ទាប់ពីទទួលបានឱកាសលេងនៅក្រុមធំ River Plate មក។ កុងត្រារបស់គេនៅក្រុមមួយនេះមានតម្លៃ២០លានផោន ហើយក្រុម Man City ក៏ទំនងជានឹងជះលុយ១កញ្ចប់នេះដើម្បីយក Julian មករួំក្រុមផងដែរនៅខែមករានេះ។ វាមានលក្ខខណ្ឌមួយចំនួនផងដែរ ដោយក្រុម Man City អាចទិញយកបាន តែឱ្យក្រុម River Plate ខ្ចីជើងសិនរហូតដល់ដាច់រដូវកាលនេះ។
ខ្សែប្រយុទ្ធខាងលើកាលពីរដូវកាលមុន បង្ហាញខ្លួនបាន៤៦ប្រកួត និងរកបាន២៤គ្រាប់។ រូបគេត្រូវបានគេប្រៀបជាមួយកីឡាករ Sergio Aguero ដែលជាអតីតកីឡាករឆ្នើមម្នាក់ក្នុងក្រុម Man City ផងដែរ៕ ប្រភព៖ DAILYMAIL