ក្រុម Watford បានបណ្ដេញលោក Claudio Ranieri ចេញពីតំណែងអ្នកចាត់ការក្រុមហើយ បន្ទាប់ពីលោកចូលកាន់ត្រឹម៤ខែប៉ុណ្ណោះ ព្រោះលទ្ធផលធ្វើមិនបានល្អ។
បុរសសញ្ជាតិអ៊ីតាលីខាងលើចូលកាន់តំណែងនៅក្រុម Watford នៅខែតុលាឆ្នាំ២០២១កន្លងទៅ។ ក្នុងរយៈពេលកន្លងមកនេះ លោកដឹកនាំក្រុមលេង១៣ប្រកួត ដោយរកបានត្រឹម៧ពិន្ទុទេ ខណៈដែលប្រកួតចុងក្រោយកន្លងទៅលេងចាញ់ក្រុមបាតតារាង Norwich ក្នុងលទ្ធផល ៣-០ ទៀត។ ដោយសារតែហេតុផលនេះហើយ ទើបបានជាក្រុម Watford សម្រេចបណ្ដេញគេចេញតែម្ដង។
រំលឹកថាបុរសវ័យ៧០ឆ្នាំខាងលើល្បីឈ្មោះខ្លាំងអំឡុងឆ្នាំ២០១៥-១៦ គ្រាដែលលោកដឹកនាំក្រុម Leicester City ឈ្នះជើងឯកលីគកំពូលអង់គ្លេស។ តែក្រោយពីនោះមក លោកក៏ចាប់ផ្ដើមធ្លាក់វិញជាបន្ដបន្ទាប់ រហូតដល់ក្រុម Watford បណ្ដេញចេញ៕ ប្រភព៖ BBC