Zlatan ថា​លេង​នៅ​បារាំង​ស្រួល​ពេក រួច​ប្រាប់ Mbappe ឲ្យ​ផ្ទេរ​ទៅ​ក្លឹប​ថ្មី​មួយ​នេះ

ដោយ​មើល​ឃើញ​អនាគត​មិន​ប្រាកដប្រជា​របស់​យុវជន Kylian Mbappe ទី​បំផុត​កីឡាករ​រៀម​ច្បង Zlatan Ibrahimovic ក៏​បាន​ចេញ​មក​ផ្តល់​យោបល់ នូវ​ការ​សម្រេច​ចិត្ត ថា​គួរ​ជ្រើសរើស​ក្លឹប​ណា បន្ទាប់​ចាកចេញ​ពី​ក្លឹប Paris Saint-Germain។

ជា​ការ​ពិត កីឡាករ​បារាំង សេសសល់​សុពលភាព​កុងត្រា​ជាមួយ​ក្លឹប​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ប៉ារីស ត្រឹម​ចុង​ខែ​មិថុនា ឆ្នាំ ២០២២ ដែល​មាន​ន័យ​ថា ត្រឹម​ខែ​មករា​នេះ កីឡាករ​អាច​មាន​សិទ្ធ​ចរចា​លក្ខណៈ Pre-Contract ជាមួយ​ភាគី​ក្លឹប​ដទៃ ឬ​ក៏​អាច​រង់ចាំ​ដល់​ថ្ងៃ​ទី ១ ​កក្កដា ដើម្បី​សម្រេច​ការ​ផ្ទេរ​ផ្លូវការ​ណា​មួយ ​នៅ​លក្ខខណ្ឌ​ឥត​តម្លៃ​ខ្លួន។

បើ​តាម​ការ​ផ្តល់​បទសម្ភាសន៍​របស់ Zlatan ប្រាប់​ទៅ L’Equipe បាន​ឲ្យ​ដឹង​ថា៖ “មាន​តែ Kylian ទេ ដែល​គេ​អាច​ផ្តល់​ចម្លើយ ថា​ទ្រនំ​បន្ទាប់​គឺ​ជា​ទីណា ដោយ​វា​ស៊ីសង​លើ​ការ​សម្រេច​ចិត្ត​របស់​គេ​ផ្ទាល់ គ្រាន់​ថា​បើ​ជា​ខ្ញុំ គឺ​ខ្ញុំ​ប្រាកដ​ជា​នឹង​ចាកចេញ”។

លោក​បន្ត៖ “តែ​បើ​ខ្ញុំ​ជា​ក្លឹប PSG ក៏​នឹង​ព្យាយាម​គ្រប់​បែប​យ៉ាង ដើម្បី​រក្សា​ជើង​គេ​ដូច​គ្នា តែ​ត្រង់​ថា ​ក្នុង​កាលៈទេសៈ​នេះ គឺ​កីឡាករ​ជា​អ្នក​សម្រេច​ចិត្ត បើ PSG ចង់​ឲ្យ​គេ​នៅ តែ​គេ​ផ្ទាល់​មិន​ចង់​នៅ​ ក៏​អត់​ទៅ​រួច​ដែរ រួច​គេ​ក៏​បាន​សួរនាំ​ខ្ញុំ ហើយ​ខ្ញុំ​ឆ្លើយ​ថា បើ​ខ្ញុំ​ជា​ឯង នោះ​គឺ​នឹង​ផ្ទេរ​ទៅ​ក្លឹប Real Madrid ជាក់​ជា​មិន​ខាន”។

“ខ្ញុំ​ធ្លាប់​មាន​ឱកាស​លេង​ឲ្យ​ក្លឹប​ផ្សេង​ពី​គ្នា ប្រទេស​និង​ពាន​រង្វាន់​ផ្សេង​គ្នា គឺ​របៀប​ហ្នឹង ជា​អ្វី​ដែល​ខ្ញុំ​បាន​រៀន​សូត្រ និង​ទទួល​ការ​អភិវឌ្ឍ​ខ្លួន ជា​ការ​ពិត ការ​លេង​នៅ​ប្រទេស​កំណើត គឺ​វា​ងាយ​ស្រួល​ពេល​ តាម​ការ​យល់​ឃើញ​របស់​ខ្ញុំ ដូច្នេះ​ហើយ អ្នក​ត្រូវ​តែ​រៀប​បង្វិច រួច​ផ្លាស់​ទៅ​កន្លែង​ថ្មី នោះ​ទើប​ជា​ដំណើរ​ផ្សងព្រេង​ពិត​ប្រាកដ”។

បញ្ជាក់​ដែរ​ថា ខ្សែ​ប្រយុទ្ធ​វ័យ ២៣ ឆ្នាំ គេ​មិន​ទាន់​ភ្លក់​រសជាតិ​លេង​នៅ​ក្រៅ​ប្រទេស​នោះ​ទេ ដោយ​តាំង​ពី​ដើម​មក​ ធ្លាប់​បាន​លេង​ឲ្យ​ក្លឹប AS Monaco និង PSG។ សរុប​ស្ថិតិ​ក្នុង​អាជីព ២៦១ ប្រកួត រក​បាន ១៨១ គ្រាប់​និង Assist ៩៤ លើក។

ក៏​បង្វែរ​ទៅ​រឿង​មួយ​ផ្សេង​ទៀត ពាក់ព័ន្ធ​នឹង​អនាគត​របស់ Ousmane Dembele ក៏​ត្រូវ​បាន​ជើង​ចាស់ David Sanchez ណែនាំ​ឲ្យ​ផ្ទេរ​ទៅ​ក្លឹប​ថ្មី​មួយ​ដែរ តែ​សំខាន់​នោះ​គឺ​ជា​ក្លឹប​គូ​ប្រជែង​កាន់​ឆ្នាំ​របស់ Barcelona។

សម្រាប់ Dembele ​ត្រូវ​បាន​ក្លឹប​អាណាព្យាបាល Barcelona បញ្ជាក់​ជា​សាធារណៈ​ហើយ ថា​ចាំ​បាច់​ត្រូវ​តែ​ទៅ​រក​ក្លឹប​ថ្មី​ឲ្យ​បាន​មុន​ថ្ងៃ​ទី ៣១ ​មករា មិន​ដូច្នោះ​ទេ ទោះ​បន្ត​ឈរ​ជើង ក៏​ក្លឹប​មិន​ផ្តល់​ឱកាស​ឲ្យ​លេង​ដែរ។ នេះ​ជា​ការ​លើក​ឡើង​ បន្ទាប់​ពី​ការ​ចរចា​កុងត្រា​ថ្មី​អស់​រយៈ​ពេល ៧ ខែ តែ​មិន​សម្រេច​ទៅ​បាន ហើយ​ជួន​ពេល​ដែល​សុពលភាព​កុងត្រា នឹង​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា​ខាង​មុខ។

តាម​ការ​លើក​ឡើង​របស់​ លោក David Sanchez បាន​ឲ្យ​ដឹង​ថា៖ “ខ្ញុំ​ចង់​ឲ្យ Dembele ផ្ទេរ​ទៅ​ក្លឹប Real Madrid ដោយ​ខ្ញុំ​អត់​ខ្វល់​ថា​ទី​ណា​ទេ សំខាន់​ពេល​នេះ គឺ​គេ​គួរ​តែ​ចាកចេញ​ពី Barcelona ឲ្យ​ឆាប់​រហ័ស​តាម​ដែល​អាច​ធ្វើ​ទៅ​បាន”។

លោក​បន្ត៖ “ខ្ញុំ​ក៏​អត់​ខ្វល់​ដូច​គ្នា ប្រសិន​គេ​ត្រូវ​ពាក់​ឈុត​ស ព្រោះ​អី​ខ្ញុំ​មាន​តែ​រីករាយ​ខ្លាំង ការ​ដែល​អាច​ឃើញ Dembele លេង​ឲ្យ​ក្លឹប Real Madrid”៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT