ក្លឹបបារាំង Paris Saint-Germain ត្រូវបានគេរាយការណ៍ថា បានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើលក្ខខណ្ឌខ្ចីជើង នាំយកខ្សែបម្រើ Tanguy Ndombele មកចូលរួម នៅលក្ខខណ្ឌខ្ចីជើង ដល់បញ្ចប់រដូវកាល ២០២១/២២។
សម្រាប់កីឡាករវ័យ ២៥ ឆ្នាំ អនាគតរបស់គេ តាមថាសព្វថ្ងៃក៏មិនប្រាកដប្រជាដែរ ជាមួយមាន់ខ្នាយមាស ហើយកន្លងទៅមានចចាមអារ៉ាម លឺថាក្លឹប Barcelona, Juvenuts, AC Milan, Roma និង Newcastle United ជាដើម តាមក្រវែលមើលម្តងហើយ។
យ៉ាងណាបើតាមសារព័ត៌មាន The Athletic ចុះផ្សាយ ក្លឹបសេដ្ឋីបារាំង ក៏ឆ្លៀតពេលវេលានេះ ចង់ចុះហត្ថលេខានាំយកគេ មុនបិទទីផ្សារដោះដូរនៅ ចុងខែមករាខាងមុខ។ យើងកំពុងរង់ចាំមើលចម្លើយពីក្លឹបដឹកនាំដោយលោក Antonio Conte ថាព្រមប្រគល់ Ndombele ទៅឲ្យក្លឹបដឹកនាំដោយលោក Mauricio Pochettino ឬបែបណា។
គួរបញ្ជាក់ថា កីឡាករបារាំង បានផ្ទេរនៅតម្លៃបំបែកកំណត់ត្រា ៦៥ លានផោន មកចូលរួមជាមួយ Spurs កាលពីរដូវក្តៅ ឆ្នាំ ២០១៩។ សរុបស្ថិតិបង្ហាញខ្លួន ៩១ ប្រកួត រកបាន ១០ គ្រាប់និង Assist ៩ លើក៕
ប្រភព៖ The Athletic