ដំណើរការអស់ ២១១ ថ្ងៃកន្លងមក លីគកំពូលកម្ពុជា នឹងបិទរដូវកាល ២០១៨ ត្រឹមសប្តាហ៍នេះហើយ

ការប្រកួតដណ្តើមពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល ២០១៨ នឹងបញ្ចប់រដូវកាលរបស់ខ្លួននៅសប្តាហ៍នេះ ពោលគឺជាសប្តាហ៍ទី ២២ នៃការប្រកួតចាប់តាំងពីខែមីនាកន្លងមក ។

ណាហ្គាវើល គឺជាជើងឯកលីគប្រចាំរដូវកាលនេះ ខណៈដែល វេស្ទើនភ្នំពេញ គឺជាក្រុមបាតតារាងត្រូវកាត់ចេញពីលីគ ទៅលេងក្របខ័ណ្ឌទីពីរនៅរដូវកាលក្រោយ។

ក្នុងការប្រកួតថ្ងៃសៅរ៍នេះ មាន ៣គូ រួមមាន ណាហ្គាវើល ជួបអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គីសនីកម្ពុជា ជួប ក្រសួងការពារជាតិ និង វេស្ទើនភ្នំពេញ ជួប អាស៊ីអឺរ៉ុប យូណាយធីត។

សម្រាប់ការប្រកួតថ្ងៃអាទិត្យ ស្អែកវិញ ព្រះខ័នរាជស្វាយរៀង ប៉ះ វិសាខា ភ្នំពេញក្រោន ប៉ះបឹងកេត និង សូលទីឡូអង្គរ ប៉ះ អង្គរថាយហ្គឺរ ដែលសុទ្ធតែជាជំនួបពិសេសប្រចាំសប្តាហ៍ចុងក្រោយនេះផងដែរ ។

ក្រឡែកទៅមើលអំពីតារាជើងស៊ុតវិញ ត្រឹមសប្តាហ៍ទី ២១ ខ្សែប្រយុទ្ធរបស់ក្រុមជើង ឯកណាហ្គាវើល គឺ Bisan George នឹងស្វែងរកគ្រាប់បាល់បន្ថែមដើម្បីធានាស្ថិតិគ្រាប់បាល់របស់ខ្លួនឱ្យនៅឈរពីលើគូប្រជែង Privat Mbarga ពោលគឺ ២៤ ទល់នឹង ២២ គ្រាប់ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT