ក្លឹបហង្សក្រហម Liverpool តាមថា អាចនឹងមានភាគរយឈានដល់ផ្លូវបែកជាមួយកីឡាករសំខាន់ Mohamed Salah បន្ទាប់ពីការចរចាកុងត្រាថ្មី ហាក់មិនឃើញតម្រុយវិជ្ជមានទាល់តែសោះ។ តាមសារព័ត៌មាន Diario AS ចុះផ្សាយ ការទាមទារតម្លៃពលកម្ម ៤០០ ០០០ អឺរ៉ូ/សប្តាហ៍របស់ កីឡាករអេហ្សីប គឺពុំត្រូវបានក្លឹបអាណាព្យាបាលយល់ព្រមឡើយ។
បញ្ជាក់ឲ្យដឹង Salah គេសេសសល់កុងត្រាដល់ចុងខែមិថុនា ឆ្នាំ ២០២៣ ហើយក្លឹបពិតជាចង់តកុងត្រាថ្មីឲ្យរួចរាល់ ជាជាងអូសបន្លាយចូលដល់ឆ្នាំចុងក្រោយនៃកិច្ចព្រមព្រៀងឈរជើង។ តែយ៉ាងណា ការពិភាក្សារវាងភ្នាក់ងារកីឡាករនិងក្លឹប ហាក់មិនសង្ឃឹមអាចជោគជ័យទាល់តែសោះ។
ទំហំប្រាក់ពលកម្ម ៤០០ ០០០អឺរ៉ូ/សប្តាហ៍ គឺល្មមអាចរុញឲ្យគេឈរនៅកម្រិតស្មើនឹង Kevin de Bruyne ហើយនៅចាញ់តែ Cristiano Ronaldo ដែលទទួលបាន ៥០០ ០០០ អឺរ៉ូ។ ប្រសិនឈានដល់ផ្លូវបែកពិតមែន នោះទ្រនំបន្ទាប់ដែលមានភាគរយខ្ពស់ ក្នុងការនាំយកកីឡាករវ័យ ២៩ ឆ្នាំ គឺអាចជារវាង Barcelona ឬ Real Madrid៕
ប្រភព៖ Diario AS