ព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ ក្រោមចំណងជើងថា « THE LAST SAVE » គឺជាការប្រកួតរវាងក្រុមបាល់ទាត់ជម្រើសជាតិថៃ ទល់នឹងក្រុមបាល់ទាត់ជម្រើសជាតិ ទ្រីនីដាដ និង តូបាហ្គោ ដែលនឹងធ្វើឡើងនៅថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១៨ ខាងមុខនេះ។
វានឹងក្លាយជាប្រកួតចុងក្រោយបង្អស់របស់អ្នកចាំទីជម្រើសជាតិថៃមួយរូប គឺ កីឡាករ Sinthaweechai Hathairattanakool ដែលជាប់ជម្រើសជាតិតាំងពីឆ្នាំ ២០០៣កន្លងមក និងបានប្រកាសចូលនិវត្តន៍ចាប់តាំងពីថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ ២០១៧ ក្រោយបញ្ចប់បេសកកម្មវគ្គជម្រុះ FIFA World Cup ។
ការប្រកួតចុងក្រោយក្នុងឯកសណ្ឋានជម្រើសជាតិរបស់ Sintahweechai នឹងធ្វើឡើងនៅកីឡដ្ឋាន Suphanburi ជាកីឡដ្ឋានរបស់ក្លិប Suphanburi FC ដែលអ្នកចាំទីរូបនេះប្រកបអាជីពនាពេលបច្ចុប្បន្ននេះ ។
រូបភាពនៃការអបអរលើកចុងក្រោយក្នុងក្រុមជម្រើសជាតិបែបនេះ សរបញ្ជាក់ឱ្យឃើញថា វាគឺជាការផ្តល់តម្លៃដ៏អស្ចារ្យសម្រាប់កីឡាករចាស់ៗដែលធ្លាប់បានបម្រើជាតិ កន្លងមករបស់ពួកគេ និងជាការគោរពមួយដែលមិនអាចកាត់ថ្លៃបាន ៕