Paul Scholes បាននិយាយថាស្ថានភាពក្នុងក្រុមបិសាចក្រហម Manchester United នៅពេលនេះ គឺមានភាពរញ៉ែរញ៉ៃណាស់ ឬអាចនិយាយបានថាដូចកីឡាករត្រូវថ្នាំពុលអីចឹង។
ក្រោមការដឹកនាំរបស់លោក Ralf Rangnick ឃើញថាប៉ុន្មានប្រកួតដំបូង ក្រុមធ្វើបានល្អ តែក្រោយមកទៀតទម្រង់លេងមិនប្រាកដប្រជា និងលទ្ធផលធ្វើឱ្យអ្នកគាំទ្រមិនសប្បាយចិត្តនោះទេ។ មួយវិញទៀត ក៏មានដំណឹងថាក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់មានបញ្ហាច្រើនផងដែរ ដោយកីឡាករភាគច្រើនមិនស្ដាប់សម្ដីគ្រូបង្វឹកឡើយ ព្រោះមិនយល់ថាគ្រូចង់បានអ្វីឱ្យប្រាកដ។
ដោយសារតែដូច្នេះហើយទើបបានជាលោក Paul Scholes ដែលជាអតីតខ្សែបម្រើឆ្នើមម្នាក់ក្នុងក្រុម Man Utd ចាត់ទុកថាស្ថានភាពបច្ចុប្បន្នកំពុងរញ៉ែរញ៉ៃណាស់។ លោក Rangnick ជាបុគ្គលល្បីឈ្មោះម្នាក់នៅអឺរ៉ុប ប៉ុន្តែលោកមិនមែនជោគជ័យខ្លាំងដោយសារការដឹកនាំក្រុមនោះទេ។ Man Utd ត្រូវការអ្នកចាត់ការច្បាស់លាស់ម្នាក់។ វាជារឿងគួរឱ្យសោកស្ដាយ ដែលពួកគេបោះបង់ឱកាសនាំយកលោក Conte មកដឹកនាំក្រុម៕ ប្រភព៖ DailyMail