ក្របខ័ណ្ឌ Major League Soccer ឬយើងស្គាល់ថា MLSគឺជាក្របខ័ណ្ឌបាល់ទាត់លំដាប់ទី ១ ប្រចាំទឹកដីសហរដ្ឋអាមេរិក។ លីគនេះបង្កើតឡើង រយៈពេល ២៨ ឆ្នាំមកហើយ តែយ៉ាងណានៅរយៈពេលជាង ១ ទសវត្សចុងក្រោយ ឃើញថាមានការអភិវឌ្ឍគួរឲ្យកត់សម្គាល់ ទាំងគុណភាពកីឡាករ និងកញ្ចប់នៃការចំណាយ។
ធ្លាប់មានកីឡាករល្បីល្បាញជាច្រើននៅអឺរ៉ុប នៅពេលដែលវ័យរបស់ពួកគេរាងចំណាស់បន្តិច ជំនួសពីការលេងឲ្យក្លឹបនៅអាស៊ី ឬក្លឹបនៅប្រទេសកំណើត ពួកគេក៏បានសាកល្បងមកភ្លក់បទពិសោធន៍ថ្មីនៅឯទឹកដីអាមេរិក តួយ៉ាងដូចជា David Bechkam, Thierry Henry, Kaka និង Zlatan Ibrahimovic ជាដើម។
ដោយឡែក បើតាមទិន្នន័យពី The18 យើងក៏សូមធ្វើការបង្ហាញនូវបញ្ជីឈ្មោះកីឡាករស៊ីថ្លៃបំផុតប្រចាំលីគ MLS រៀងរាល់ឆ្នាំនីមួយៗ រាប់ចាប់ពីឆ្នាំ ២០១១ មកទល់បច្ចុប្បន្ន៖
២០១១: David Beckham ក្លឹប LA Galaxy ទទួលបាន ៦,៥ លានដុល្លារ/ឆ្នាំ
២០១២: Thierry Henry ក្លឹប New York Red Bulls ទទួលបាន ៥,៦ លានដុល្លារ ហើយចូលដល់ ២០១៣ ទទួលបាន ៤,៤ លានដុល្លារ/ឆ្នាំ
២០១៤: Clint Dempsey ក្លឹប Seatlle Sounders FC ទទួលបាន ៦,៧ លានដុល្លារ/ឆ្នាំ
២០១៥ ដល់ ២០១៧: Kaka ក្លឹប Orlando City SC ទទួលបាន ៧,២ លានដុល្លារ/ឆ្នាំ
២០១៨: Sebastian Giovinco ក្លឹប Toronto FC ទទួលបាន ៧,១ លានដុល្លារ/ឆ្នាំ
២០១៩: Zlatan Ibrahimovic ក្លឹប LA Galaxy ទទួលបាន ៧,២ លានដុល្លារ/ឆ្នាំ
២០២០: Javier Hernandez ឬស្គាល់ថា Chicharito ក្លឹប LA Galaxy ទទួលបាន ៧,២ លានដុល្លារ/ឆ្នាំ
២០២១: Carlos Vela ក្លឹប Los Angeles FC ទទួលបាន ៦,៣ លានដុល្លារ/ឆ្នាំ
២០២២: Lorenzo Insigne ក្លឹប Toronto FC ទទួលបាន ១៨ លានដុល្លារ/ឆ្នាំ
គួរបញ្ជាក់ថា Insigne ឬយើងស្គាល់ថាជា “Messi អ៊ីតាលី” គេបានបម្រើអាជីពឲ្យក្លឹប Napoli រយៈពេលពេញ ១ ទសវត្ស មុនសម្រេចចិត្ត ចាកចេញពីបាល់ទាត់អឺរ៉ុប ហើយឆ្ពោះទៅក្លឹបនៅឯអាមេរិក គឺ Toronto។
បុរសវ័យ ៣០ ឆ្នាំ កម្ពស់ ១,៦៣ ម៉ែត្រ នឹងបង្ហាញខ្លួនឲ្យក្លឹបថ្មី ចាប់ពីថ្ងៃទី ១ កក្កដា ឆ្នាំ ២០២២ តទៅ។ ជាមួយប្រាក់ពលកម្មរបស់គេ បើគិតជាសប្តាហ៍ ទទួលបានដល់ ៣៤៦ ០០០ ដុល្លារឯណោះ នេះច្រើនជាងប្រាក់ពលកម្មរបស់ Zlatan, Kaka និង Chicharito ជាដើម ដែលទទួលបានល្បាក់ ១៤០ ០០០ ដុល្លារប៉ុណ្ណោះ។
គួរបញ្ជាក់ថា MLS ដែលបែងចែកជា ២ Conference មានតំបន់ខាងកើត និងខាងលិច ហើយគេចម្រាញ់យកក្រុមល្អបំផុត ទៅប្រកួតតតាំងនៅពាន MLS Cup ដោយឆ្នាំ ២០២១ កន្លងទៅនេះ ក្រុម Portland Timbers បានឡើងមកដល់វគ្គចុងក្រោយ ទល់ក្រុម New York City FC ដោយលទ្ធផលបញ្ចប់គឺខាង New York City បានក្លាយជាម្ចាស់ជើងឯក យកឈ្នះនៅលទ្ធផលបាល់ប៉េណាល់ទី ៤-២ ទៅលើ Portland។ សម្រាប់រដូវកាលឆ្នាំ ២០២២ នឹងចាប់ផ្តើមពីថ្ងៃទី ២៦ កុម្ភៈតទៅ៕
ប្រភព៖ The18