ក្រុម Aston Villa កំពុងតាមដាននិងបញ្ចុះបញ្ចូលខ្សែបម្រើ Philippe Coutinho ដើម្បីនាំយកមកចូលរួមជាមួយក្រុមនៅខែមករានេះ ក្រោយពី Barcelona ប្រកាសលក់គេចេញ។
កីឡាករ២៩ឆ្នាំនេះត្រូវបានក្រុម Barcelona ដាក់លក់និងស្នើទៅក្លឹបនៅអង់ក្លេសជាច្រើន ដោយធ្វើយ៉ាងណាលក់ឱ្យបាននៅខែមករា ដើម្បីយកកន្លែងឱ្យកីឡាករចំណូលថ្មី Ferran Torres ចូលលេង។ ដោយក្នុងនោះ ក្រុម Aston Villa ក្រោមការដឹកនាំរបស់លោក Steven Gerrard កំពុងសម្លឹងខ្លាំងជាងគេ។ លោកចង់បានកីឡាករប្រេស៊ីលមករួមក្រុម ដើម្បីបន្ថែមកម្លាំងប្រយុទ្ធ ជាមួយគោលដៅធំនៅរដូវកាលក្រោយ Top4 ក្នុង Premier League ។
រំលឹកថា Coutinho បានផ្ទេរពី Liverpool ទៅចូលរួមជាមួយក្រុម FC Barcelona នៅឆ្នាំ២០១៨កន្លងទៅ ជាមួយតម្លៃខ្លួន១៤៦លានផោន។ ទៅដល់អេស្ប៉ាញ ខ្សែបម្រើរូបនេះលេងមិនបានល្អដូចកាលនៅ Liverpool ទេ រហូតត្រូវក្រុម Bayern Munich ខ្ចីជើង និងត្រលប់មកវិញដល់ឥឡូវត្រូវក្លឹបដាក់លក់ចេញថែមទៀត៕ ប្រភព៖ DAILYMAIL