ក្រុម Arsenal បានយកឈ្នះលើក្រុម Burnley ក្នុងលទ្ធផល ៥-០ ជាការជូនដំណើរប្រកួតចុងក្រោយរបស់លោក Arsene Wenger នៅទឹកដី Emirate ។
ការប្រកួតយប់មិញ ជាការដឹកនាំប្រកួតចុងក្រោយក្នុងនាមជាអ្នកចាត់ការរបស់លោក Wenger នៅក្លឹប Arsenal ក្នុងទីលាន Emirate។ អ្នកគាំទ្រដែលចូលរួមទស្សនាទាំងអស់ សុទ្ធតែលើកដៃអបអរ ក៏ដូចជាជូនពរក្នុងការបង្ហាញខ្លួនជាចុងក្រោយនេះ។ ជាមួយគ្នានេះដែរ ក្រុម Arsenal ក៏មិនធ្វើឱ្យអ្នកចាត់ការអស់សង្ឃឹមដែរក្នុងប្រកួតចុងក្រោយនេះ។ ពួកគេបានយកឈ្នះលើក្រុម Burnley ក្នុងលទ្ធផល ៥-០ ឯណោះ។
អ្នកចាត់ការដែលគេនិយមហៅថា តាបារាំង បាននិយាយដែរថា៖ “ខ្ញុំនឹងត្រលប់មកទីនេះម្ដងទៀត ប៉ុន្តែគឺជាការមកគាំទ្រក្រុម Arsenal ។ វាពិតជាពិបាកក្នុងការនិយាយពាក្យបែក ប៉ុន្តែវាមិនធ្វើឱ្យខ្ញុំយំនោះទេ។ ខ្ញុំសប្បាយចិត្តដែលធ្វើឱ្យអ្នកគ្រប់គ្នាសើចសប្បាយនាពេលកន្លងមក។ សូមអ្នកទាំងអស់គ្នាជួយថែរក្សាក្លឹបដ៏អស្ចារ្យនេះផង”៕