នៅវេលាម៉ោង ០១:៣០ នាទីទាបភ្លឺ ឈានចូលថ្ងៃទី ៦ មករា ក្លឹប Linares Deportivo នឹងត្រូវបើកកីឡដ្ឋានស្វាគមន៍ក្លឹប Barcelona សម្រាប់ប្រកួតវគ្គ ៣២ ក្រុមចុងក្រោយ ពានរង្វាន់ Copa del Rey។ នេះជាប្រកួតដែលលេងតែមួយជើង ចាញ់គឺធ្លាក់ឈ្នះគឺឡើង ហើយសម្រាប់អ្នកមានបុណ្យ វាជាលើកដំបូងក្នុងការបង្ហាញវត្តមានកីឡាករចំណូលថ្មី នៅតំបន់ការពារ។
នោះគឺ Dani Alves ដែលគេបានក្លាយជាកីឡាកររបស់ Barcelona តាំងពីខែមុន តែអំពីការបង្ហាញខ្លួនលើទីលានប្រកួត គឺរង់ចាំដល់ខែមករានេះទើបធ្វើទៅបាន។ ឥឡូវមកដល់ប្រកួតនៅពាន CDR ខ្សែការពារស្លាបប្រេស៊ីលក៏មានឱកាសជាប់ឈ្មោះ តែមិនច្បាស់ថា ជាប់ជម្រើសដំបូង ឬអង្គុយបម្រុងឡើយ។
នេះមិនមែនតែប្រកួតនៅ Copa del Rey ប៉ុណ្ណោះទេ ទៅប្រកួតបន្ទាប់នៅ La Liga ក៏ Alves នឹងចាប់មានឈ្មោះលេងពេញលេញផងដែរ។ វាជាដំណឹងល្អមួយសម្រាប់អ្នកចាត់ការលោក Xavi Hernandez ព្រោះការពារស្លាបស្តាំ ក្លឹបក៏កំពុងរបួស Sergi Roberto ផងដែរ ដូច្នេះវត្តមាន Alves សារនេះ អាចថា គេមកត្រូវពេលតែម្តង៕
ប្រភព៖ Football Espana