លោក Joan Laporta ប្រធានក្លឹប Barcelona បានប្រកាសថាក្លឹបរបស់លោកនឹងត្រលប់មកភាពខ្លាំងល្បីល្បាញឡើងវិញលើទីផ្សារដោះដូរកីឡាករ ទោះស្ថិតក្នុងវិបត្ដិសេដ្ឋកិច្ច។
ក្លឹប FC Barcelona បានរងព្យុះភ្លៀងខ្លាំង ក្រោយពីពួកគេជាប់បំណុលជាង១ពាន់លានផោន រហូតដល់ធ្វើឱ្យ Lionel Messi ត្រូវចាកចេញ និងកីឡាករជាច្រើនត្រូវកាត់ប្រាក់ឈ្នួល។ តែយ៉ាងណា នៅរដូវកាលនេះឃើញថាពួកគេធ្វើបានល្អលើការចំណាយនានា ហើយក៏ទើបតែប្រកាសទិញយកខ្សែប្រយុទ្ធ Ferran Torres ពីក្រុម Manchester City បានផងដែរក្នុងតម្លៃជាង៥០លានផោន។
ចំពោះការចាប់ផ្ដើមងើបឡើងវិញនេះដែរ លោក Laporta ដែលជាប្រធានក្លឹបបាននិយាយថា៖ “គ្រប់គ្នាគួរតែត្រៀមខ្លួន ព្រោះយើងបានត្រលប់មកប្រមាញ់កីឡាករឆ្នើមៗវិញហើយ។ Barcelona ត្រលប់មកវិញហើយ។ យើងនឹងឈានជើងចូលទីផ្សារដោះដូរកីឡាករ គ្រប់គ្នាគួរតែត្រៀមខ្លួន”៕ប្រភព Marca