លោក Jurgen Klopp នឹងអវត្តមានឈរបញ្ជាកូនក្រុម Liverpool ប្រកួតជាមួយក្រុម Chelsea នៅម៉ោង១១យប់នេះ ដោយសារតែលោកវិជ្ជមានកូវីដ១៩ទៅហើយ។
លោក Klopp បានចេញរោគសញ្ញាខ្លះ ហើយនឹងត្រូវសម្រាកព្យាបាលនៅផ្ទះ។ ជំនួយការរបស់លោកឈ្មោះ Pep Lijnders នឹងដឹកនាំក្រុមហង្សក្រហមប្រកួតនៅយប់នេះ។ ក្រុម Liverpool បានធ្វើតេស្ដកីឡាករទាំងអស់ដើម្បីត្រៀមប្រកួតទល់ក្រុម Chelsea ហើយលទ្ធផលរកឃើញថាលោក Klopp បានវិជ្ជមានកូវីដ១៩ទៅហើយ ខណៈដែលក្រុមការងារ៣នាក់ទៀតក៏វិជ្ជមានដូចគ្នា។
ក្រុម Liverpool កំពុងទាមទារជ័យជម្នះខ្លះដើម្បីប្រជែងជាមួយក្រុម Manchester City ដែលបានយកឈ្នះលើក្រុម Arsenal ២-១ នៅយប់មិញនេះទៀត។ ពួកគេបច្ចុប្បន្ននៅលេខ៣ក្នុងតារាង មាន៤១ពិន្ទុ ស្របពេលក្រុម Chelsea វិញមាន៤២ពិន្ទុនៅលេខ២។ ក្រុម Man City មានដល់៥៣ពិន្ទុហើយ៕ប្រភព Dailymail