ខែក្រោយ គឺខែមករា ឆ្នាំ ២០២២ ចូលដល់ថ្ងៃទី ១ ភ្លាម ទីផ្សារដោះដូររដូវរងា នឹងចាប់បើកទ្វារ ដែលមានន័យថា ក្លឹបជាច្រើននឹងចាប់ផ្តើមសកម្មលើការលក់ចេញ ទិញចូលកីឡាករ តែជាទូទៅក្លឹបមិនសូវនឹងចំណាយច្រើន នៅពេលវេលានេះ ដូចទីផ្សារដោះដូររដូវក្តៅឡើយ។
យ៉ាងណាងាកមកក្លឹបម្ចាស់ដី Old Trafford ដែលទើបតែឡើងកាន់តំណែងនូវគ្រូថ្មី លោក Ralf Rangnick ក៏ត្រូវបានគេរាយការណ៍ថា អាចនឹងលក់ចេញកីឡាករឈុតធំ ដល់ទៅ ៥ រូបផងដែរនៅពេលដ៏ខ្លីខាងមុខ ពោលគឺចង់កាត់បន្ថយខ្ទង់ចំណាយលើថ្លៃពលកម្មកីឡាករជារួម តាមដែលអាចធ្វើទៅបាន។
តាមសារព័ត៌មាន Manchester Evening News ចុះផ្សាយថា អ្នកទាំង ៥ រូបនោះ រួមមានអ្នកចាំទី Dean Henderson, ខ្សែបម្រើ Donny van de Beek, Paul Pogba និង Jesse Lingard ហើយខ្សែប្រយុទ្ធ Anthony Martial។ ភាគរយខ្ពស់ ដែលអាចសម្រេចទៅបាន គឺកីឡាករបារាំង Martial ព្រោះកៀកនឹងសម្រេចការផ្ទេរទៅកាន់ក្លឹប Sevilla ហើយ។
ស្របពេលកីឡាករឯទៀតដូចជា Pogba និង Lingard ជាដើម ពួកគេបើរក្សាជើងដល់បញ្ចប់រដូកាល នោះនឹងក្លាយជាកីឡាករឥតតម្លៃខ្លួន ដូច្នេះការលក់ចេញ ត្រឹមខែមករា គឺជាការគិតគូរល្អបំផុត បើចង់បានចំណូលមួយផ្នែកចូលក្លឹប៕
ប្រភព៖ Manchester Evening News