ក្លឹបស្តេចស Real Madrid ជាមួយខ្សែបម្រើ Isco គេជឿថា អាចនឹងឈានដល់ផ្លូវបែកនៅពេលខាងមុខនេះហើយ ដោយកីឡាករទំនងជានឹងមិនបន្តកុងត្រាថ្មីទៀតឡើយ ស្របពេលដែលសុពលភាព នឹងត្រូវផុតនៅចុងខែមិថុនា ឆ្នាំ ២០២២។
បើតាមសារព័ត៌មាន Diario AS ចុះផ្សាយថា ក្លឹបដឹកនាំដោយប្រធានលោក Florentino Perez ក៏ព្រមបើកផ្លូវឲ្យកីឡាករអេស្ប៉ាញចាកចេញទៅផងដែរ ដោយកន្លងមកខាងក្លឹបនៅអាមេរិក បានទាក់ទងមក តែ Isco គេបដិសេធ ដោយមានចិត្តចង់ទៅចូលរួមនៅក្លឹបក្នុងក្របខ័ណ្ឌ La Liga, Premier League ឬ Bundesliga ច្រើនជាង។
ប្រភពបានឲ្យដឹងថា ក្លឹបសារិកាព្រៃ Newcastle United កំពុងចាប់ចិត្តលើឱកាសសារនេះជាខ្លាំង ហើយចង់ចរចានៅខែមករា ឆ្នាំ ២០២២ ខាងមុខ ដោយចង់សម្រេចយកគេ មុនអស់កុងត្រាមកក្លឹបក្នុងទឹកដីអង់គ្លេសតែម្តង។ ការផ្ទេរសារនេះ Madrid អាចនឹងយល់ព្រម ព្រោះបើលក់ឲ្យ Newcastle ពោលនឹងបានលុយចូលហោប៉ៅខ្លះ ជាជាងទុកគេចោលដល់អស់តម្លៃខ្លួន។
បញ្ជាក់ថា អតីតកីឡាករនៅ Malaga បានមករួមជើងជាមួយក្លឹប Real Madrid តាំងពីរដូវក្តៅ ឆ្នាំ ២០១៣។ សរុបការបង្ហាញខ្លួន ៣៤៣ ប្រកួត គេរកបាន ៥២ គ្រាប់និង Assits ៥៦ លើក៕ ប្រភព៖ Diario AS