ការប្រកួតជើងទី២នៃពានរង្វាន់ AFF Suzuki Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រចាប់ផ្ដើមមានកង្វល់ច្រើនទាក់ទងទៅនឹងអាជ្ញាកណ្ដាលកាត់សេចក្ដី ព្រោះការប្រកួតនេះមិនមានបច្ចេកវិទ្យា VAR នោះទេ។
កន្លងមកមានការចាប់កំហុសខុសច្រើន ជាពិសេសក្នុងការប្រកួតរវាងក្រុមជម្រើសជាតិថៃ និងវៀតណាមតែម្ដង។ ដោយឡែកនៅរាត្រីនេះ ក្នុងការប្រកួតរវាងក្រុមម្ចាស់ផ្ទះសិង្ហបុរី និងឥណ្ឌូណេស៊ី នោះក៏មានកង្វល់ច្រើនដែររឿងអាជ្ញាកណ្ដាលនេះ។ ដោយអ្នកគាំទ្រខាងឥណ្ឌូណេស៊ី ដែលជាក្រុមភ្ញៀវខ្លាចក្រុមមន្ត្រីអាជ្ញាកណ្ដាលលំអៀងទៅលើក្រុមម្ចាស់ផ្ទះជាង។
លោក Shin Tae-yong គ្រូបង្វឹកក្រុមឥណ្ឌូណេស៊ី បាននិយាយថាជាច្រើនកន្លែងដែលអាជ្ញាកណ្ដាលកាត់ក្ដីខុស មិនមែនតែការប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះទេ។ ការកាត់ក្ដីខុសនេះ នឹងធ្វើឱ្យការប្រកួតមិនយុត្ដិធម៌ ហើយលទ្ធផលក៏អាចប្រែប្រួលផងដែរ។ ការមិនមាន VAR ជួយថែមទៀត នោះគ្រប់យ៉ាងនឹងមិនសុក្រិតនោះទេ។
រំលឹកថាសិង្ហបុរី ស្មើក្រុមឥណ្ឌូណេស៊ី ១-១ កាលពីជើងទី១កន្លងទៅ ហើយនៅរាត្រីនេះម៉ោង៧:៣០នាទី ពួកគេនឹងលេងជើងទី២ ដើម្បីស្វែងរកក្រុមឈ្នះឡើងវគ្គផ្ដាច់ព្រ័ត្រ៕ប្រភព Zingnews