លីគកំពូលឥណ្ឌូនេស៊ី ផ្អាកបណ្តោះអាសន្ន ក្រោយករណីស្លាប់របស់អ្នកគាំទ្រម្នាក់កំពុងស្ថិតក្នុងការស៊ើបអង្គេត

នៅក្នុងថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០១៨ ម្សិលមិញនេះ សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី បានសម្រេចផ្អាកការប្រកួតរបស់លីគកំពូលខ្លួណ ( Indonesian League 1 ) ភ្លាមៗ ក្រោយពីអ្នកគាំទ្រម្នាក់ បានស្លាប់អំឡុងការប្រកួតរវាងក្រុម Persib Bandung ទល់នឹង Persija jakarta កាលពីថ្ងៃអាទិត្យកន្លងទៅ នៅកីឡដ្ឋាន Gelora Bandung Lautan Api ។

សេចក្តីសម្រេចនេះត្រូវបានធ្វើឡើង ពោលគឺបន្ទាប់ពីកិច្ចប្រជុំរបស់សហព័ន្ធ PSSI Exco រួមជាមួយនឹងគណៈកម្មការរៀបចំការប្រកួតលីគកំពូល ក៏ដូចជាពីសំណាក់ក្លិបជាច្រើនផងដែរ ។ នេះបើតាមការផ្សាយលើគេហទំព័រ Asean Football ។

« សហព័ន្ធកំពុងធ្វើការយ៉ាងស្វិតស្វាញដើម្បីស្វែងរកដំណោះស្រាយដែលបានកើតឡើងនៅក្នុងទីក្រុង Bandung ។ យើងកំពុងបង្កើតក្រុមស៊ើបអង្កេតមួយដើម្បីពិនិត្យមើលបញ្ហានេះហើយគណៈកម្មាការវិន័យ PSSI ក៏នឹងត្រូវពិនិត្យមើលបញ្ហានេះផងដែរ »។ នេះបើតាមសម្តីរបស់លោក Edy Rahmayadi ប្រធានសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី ។

« យើងកំពុងព្យួរលីគកំពូល ចាប់ពីពេលនេះតទៅ ហើយយើងមិនអាចនិយាយបានថាពេលណាវានឹងអាចចាប់ផ្តើមបានវិញនោះទេ។ សំណួរ ហេតុអ្វីបានជាយើងសម្រេចចិត្តបញ្ឈប់ការប្រកួតលីគ? ព្រោះថានេះគឺជាមធ្យោបាយសកម្មរបស់យើងដើម្បីបង្ហាញថាយើងមានភាពរឹងមាំក្នុងការដោះស្រាយបញ្ហានេះ និងការអាណិតអាសូរ ព្រមទាំងការគោរពចំពោះជនរងគ្រោះ។ » លោក Edy បន្ថែម ។លោក Edy បាននិយាយថា PSSI ក៏នឹងត្រូវពិគ្រោះយោបល់ជាមួយ AFC និង FIFA ក្រៅពី BOPI (ក្រុមប្រឹក្សាអត្តពលិកអាជីពរបស់ឥណ្ឌូនេស៊ី) និងក្រសួងយុវជននិងកីឡាផងដែរ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT