ខ្លះ​ស្គម​ខ្លះ​ធាត់ ចុង​ក្រោយ​កីឡាករ ៥ រូប ផ្លាស់ប្ដូរ​រាងកាយ ១៨០ ដឺក្រេ មើល​ហើយ​មិន​គួរ​ឲ្យ​ជឿ

ក្នុង​នាម​ជា​កីឡាករ​បាល់ទាត់​មួយ​រូប ក្រៅ​ពី​ទាមទារ​សមត្ថភាព បច្ចេកទេស​ ក៏​ដូច​ជា​ទេពកោសល្យ ដែល​ត្រូវ​បង្ហាញ​ចេញ​លើ​ទីលាន ទៀត​សោត​ផ្នែក​កាយសម្បទា​ក៏​ជា​តម្រូវ​ការ​ដ៏​ចាំ​បាច់​ដូច​គ្នា។

ការ​ដែល​កីឡាករ​មាន​មាឌ​ធំ រាងកាយ​រឹងមាំ នោះ​ក៏​អាច​ឲ្យ​ពួក​គេ មិន​ពិបាក​ក្នុង​ការ​ប្រជែង​យក​បាល់​ពី​កីឡាករ​ក្រុម​គូ​ប្រជែង ហើយ​ទៀត​សោត​ក៏​វា​ជួយ​ពង្រឹង​ទាំង​ជំហរ​នៃ​ការ​រត់ និង​ការ​បញ្ចប់​ទី​ផង​ដែរ។ ងាក​មក​មើល​កីឡាករ​ទាំង ៥ រូប​នេះ អតីត​កាល​រាងកាយ​របស់​ពួក​គេ មើល​ទៅ​តូច ស្គមស្គាំង តែ​រំលង​ប៉ុន្មាន​ឆ្នាំ​ក្រោយ ក៏​ដូច​គេ​ចាត់​បត់ ១៨០ ដឺក្រេ ផ្លាស់​មក​ជា​បុរស​សាច់ដុំ មាឌ​ធំ មិន​គួរ​ឲ្យ​ជឿ៖

៥) Marcus Rashford ក្លឹប Man Utd

ខ្សែ​ប្រយុទ្ធ​អង់គ្លេស បាន​មាន​ឱកាស​មក​បង្ហាញ​ខ្លួន​នៅ​ឈុត​ធំ ឲ្យ​បិសាច​ក្រហម​កាល​ពី​រដូវ​កាល ២០១៥/១៦ ហើយ​ពេល​នោះ សភាព​គេ​ ត្រឹម​ជា​យុវជន​ម្នាក់ ដែល​មាន​រាងកាយ​ស្គមស្គាំង មើល​ទៅ​មិន​សូវ​ជា​មាន​កម្លាំងកំហែង​ពេញ​លេញ​នោះ​ទេ។

ក្រោយ​ការ​អភិវឌ្ឍ​ខ្លួន លុត​ដំ​ខ្លួន​ត្រឹម​មួយ​ពព្រិច​ភ្នែក​ រំលង​ពី​មួយ​រដូវ​កាល​ទៅ​មួយ​រដូវ​កាល គេ​ក៏​សង្កេត​ ឃើញ​យុវជន​វ័យ ២៣ ឆ្នាំ បាន​មាន​ការ​ប្រែប្រួល​ផ្នែក​កាយសម្បទា​មិន​គួរ​ឲ្យ​ជឿ ហើយ​ឥឡូវ​និយាយ​បាន​ថា ចំណោម​កីឡាករ​អាយុ​ស្រករ ២២-២៣ ឆ្នាំ គឺ​រាងកាយ​ Rashford នេះ​ហើយ មាន​ភាព​ពេញ​លក្ខណៈ​ល្អ​ជាង​គេ។

៤) Hulk ក្លឹប Atletico Mineiro

កីឡាករ​ប្រេស៊ីល Hulk មាន​មាឌ​ធំ តាំង​ពី​ដើម ប៉ុន្តែ​កីឡាករ​របៀប​គេ បើ​មិន​បាន​ដុសខាត់​ខ្លួន​ឯង​ឲ្យ​បាន​ល្អ នោះ​រាងកាយ​នឹង​ប្រែ​ទៅ​ជា​ធាត់​ លើស​ទម្ងន់ តែ​នេះ គេ​ប្រែ​មក​ជា​បុរស​សាច់ដុំ រឹងមាំ​ដូច​ជា​យក្ស អាច​ថា​កីឡាករ​ល្មមៗ​សឹង​តែ​មិន​ហ៊ាន​រត់​ចូល​មក​ប្រជែង។

គេ​លេង​តំណែង​ប្រយុទ្ធ ហើយ​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ខ្លាំង កំឡុង​ពេល​គេ​ឈរ​ជើង​ឲ្យ​ក្លឹប​ក្នុង​ប្រទេស​ចិន ចន្លោះ​ឆ្នាំ ២០១៦ ដល់ ២០២១ មុន​ផ្ទេរ​មក​ក្លឹប​នៅ​ប្រទេស​កំណើត Atletico Mineiro មក​ទល់​សព្វថ្ងៃ។

៣) Leon Goretzka ក្លឹប Bayern Munich

ជា​ខ្សែ​បម្រើ ដែល​ពូកែ​ចោះ​បាល់​ចូល​ក្នុង​ប្រអប់​ឲ្យ​ក្លឹប​អាល្លឺម៉ង់ ហើយ​និយាយ​ពី​ការ​អភិវឌ្ឍ​ផ្នែក​កាយសម្បទា​របស់​គេ គឺ​ឃើញ​ថា បាន​ផល​លឿន​ជាង​នរណាៗ​ទាំង​អស់។

លទ្ធផល​ផ្លាស់ប្តូរ ១៨០ ដឺក្រេ ត្រឹម​តែ​រយៈ​ពេល​ជាង ១ ឆ្នាំ ដោយ​ដូច​បង្ហាញ​ក្នុង​រូប គឺ​សន្លឹក​ទី​មួយ ពេល Goretzka គេ​ទើប​មក​ចូលរួម​នៅ Bayern ថ្មីថ្មោង ហើយ​រំលង​តែ​ប៉ុន្មាន​ខែ ទៅ​មើល​សន្លឹក​ទី​ពីរ ត្រង់​ផ្នែក​សាច់ដុំ​ដៃ សាច់ដុំ​ពោះ គឺ​រីក​ធំ​ដូច​គេ​ជប់ ដល់​ថ្នាក់​កីឡាករ​រួម​អាជីព​ជា​ច្រើន បាន​ផ្ញើ​សារ​សួរនាំ​ពី​អាថ៌កំបាំង​នៃ​ការ​ធ្វើ​លំហាត់​ប្រាណ​របស់​បុរស​វ័យ ២៦ ឆ្នាំ។

២) Cristiano Ronaldo ក្លឹប Man Utd

មិន​អាច​រំលង​បាន​ទេ នូវ​ឈ្មោះ​តារាឆ្នើម​សញ្ជាតិ​ព័រទុយហ្គាល់ ហើយ​អ្វី​ដែល​យើង​នៅ​តែ​សរសើរ​មិន​ដាច់​ពី​មាត់ គឺ​នៅ​ពេល​អាយុ Ronaldo កាន់​តែ​ច្រើន រាងកាយ​របស់​លោក​បែរ​ជា​មើល​ទៅ​កាន់​តែ​ក្មេង។

បើ​តាម​ដឹង​ ដំណើរ​នៃ​ការ​អភិវឌ្ឍ​កាយសម្បទា​របស់​កីឡាករ​វ័យ ៣៦ ឆ្នាំ គឺ​ផ្តោត​ចម្បង​លើ​របៀប​រស់នៅ ការ​ធ្វើ​លំហាត់​ប្រាណ និង​ជា​ពិសេស​គឺ​របប​អាហារ ពោល​មិន​ចំណាយ​ច្រើន​ទេ តែ​សំខាន់​ជ្រើស​យក​តែ​អាហារ​សុខភាព​មក​ទទួល​ទាន ហើយ​លោក​មិន​ប៉ះ​សុរា​ដាច់​ខាត។

១) Adama Traore ក្លឹប Wolves

ជា​សុបិន​អាក្រក់ ដែល​ខ្សែ​ការពារ​ជា​ច្រើន មិន​ចង់​ជួប​លើ​ទីលាន នោះ​គឺ​ Traore ខ្លាំង​ត្រង់​ល្បឿន ខ្លាំង​ត្រង់​ភាព​រឹងមាំ។

កាល​ពី​អតីតកាល កីឡាករ​លេង​តំណែង​ប្រយុទ្ធ​ស្លាប គេ​មាន​រាងកាយ​មិន​ពេញ​លក្ខណៈ​នោះ​ទេ ជា​ពិសេស​នៅ​ឈុត​ថ្នាល Barcelona លុះ​ក្រោយ​មក ពេល​ផ្ទេរ​មក​ក្លឹប​អង់គ្លេស Wolves សម្រាប់​បុរស​សញ្ជាតិ​អេស្ប៉ាញ បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់ផ្អើល​ខ្លាំង ល្មម​អាច​រាប់​បាន​ថា Traore ជា​កីឡាករ​មាន​សាច់ដុំ​ធំ​ជាង​គេ​ហើយ​នៅ Premier League៕

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT