ក្រុមអ្នកមានបុណ្យ Barcelona លេងបានត្រឹមស្មើជាមួយក្រុម Osasuna ក្នុងលទ្ធផល ២-២ ប៉ុណ្ណោះសម្រាប់ការប្រកួតពានរង្វាន់ La Liga នៅយប់មិញនេះ។
ក្រុមអ្នកមានបុណ្យបានបើកឱកាសនាំមុខម្ដងជាពីរដង ប៉ុន្តែក៏ត្រូវបានក្រុម Osasuna វាយបកតាមស្មើវិញបានផងដែរ។ ដោយការចែកគ្នាម្នាក់មួយពិន្ទុ ក៏កាន់តែធ្វើឱ្យក្រុមរបស់លោក Xavi មានគម្លាតឆ្ងាយពីក្រុមកំពូលតារាង Real Madrid ទៅហើយ ពោលគឺពេលនេះចាញ់ជាង១០ពិន្ទុឯណោះ។
ទាក់ទិននឹងបញ្ហាទម្រង់លេងនេះដែរ អ្នកចាត់ការវ័យក្មេង Xavi បានពន្យល់ថាលោកមិនរំពឹងច្រើនពេកពីកីឡាករក្មេងៗដែលបានដាក់ឱ្យលេងនោះទេ។ ច្បាស់ណាស់ពួកគេមានសមត្ថភាពអាចកែប្រែការប្រកួតបាន ប៉ុន្តែវាមិនគ្រប់ពេលឡើយ។ Gavi, Nico និង Abde សុទ្ធតែធ្វើបានល្អ តែពួកគេមិនអាចជួយក្រុមគ្រប់ពេលឡើយ។ គ្រប់គ្នាមិនអាចដាក់បន្ទុកទៅលើកីឡាករក្មេងៗនោះទេ៕ប្រភព Marca