ក្លឹប Leicester City បានបរាជ័យក្រោមថ្វីជើងរបស់ Napoli នៅជុំទី ៦ ពាន Europa League ដែលរុញឲ្យពួកគេត្រូវធ្លាក់ទៅពានរង្វាន់លំដាប់ទី ៣ របស់ UEFA គឺ Europa Conference League តែយ៉ាងណាសម្រាប់អ្នកចាត់ការលោក Brendan Rodgers បាននិយាយច្បាស់ៗថា ខ្លួនមិនទាន់ទាំងដឹង ថាពានថ្មីនោះជាពានដំណើរការបែបណាខ្លះផង។
ក្រុមកញ្រ្ជោង នឹងត្រូវផ្គូផ្គងប៉ះក្រុមមួយក្នុងចំណោមក្រុមទាំង ៨ ដែលឈរលេខ ២ ប្រចាំពូល សម្រាប់ការលេងនៅវគ្គ ១៦ ក្រុមចុងក្រោយ ពាន ECL។ គួរបញ្ជាក់ដែរថា ការចាប់ឆ្នោតនូវក្រុមដែលនឹងប៉ះ Leicester នឹងធ្វើឡើងនៅថ្ងៃទី ១៣ ធ្នូខាងមុខ ស្របពេលដែលការប្រកួតត្រូវធ្វើឡើងនៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ ២០២២។
មានការសួរនាំថា ការផ្តោតក្នុងការលើកពាន ECL ជាអាទិភាពរបស់ក្រុមឬបែបណាពេលបន្ទាប់នេះ ក៏ស្រាប់តែលោក Rodgers ឆ្លើយទៅប៉ុស្តិ៍ BT Sport៖ “ខ្ញុំនិយាយស្មោះត្រង់ទៅ ខ្ញុំអត់ដឹងសូម្បីតែពានហ្នឹងជាពានអ្វី ដោយខ្ញុំផ្តោតតែការលេងនៅ Europa League ទេកន្លងមក គឺដើម្បីចង់ឈ្នះការប្រកួតក្នុងពូល ឬយ៉ាងហោចណាស់ឈរលេខ ២ តែដោយបង្ហាញការគោរពដល់ការប្រកួត ខ្ញុំនឹងបន្តសិក្សាមើលថា ពាន Europa Conference League គឺជាពានរង្វាន់អ្វីឲ្យប្រាកដ”៕
ប្រភព៖ BT Sport